(ឌូបៃ)៖ ក្រុមបាល់ទាត់ជម្រើសជាតិហ្ស៊កដានី បានឈ្នះកៅអី១ ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយមុនគេនៃព្រឹត្តិការណ៍ ពានរង្វាន់ប្រចាំទ្វីប់អាស៊ី AFC Asian Cup 2019 នៅប្រទេសអារ៉ាប់រួម (UAE) ក្រោយបន្តយកបានជ័យជម្នះទៅលើ ក្រុមស៊ីរី ២-០ នាយប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែមករាទៀត។

នេះជាជ័យជម្នះ ២ប្រកួតជាប់ៗគ្នារបស់ក្រុមនៅប្លុកអារ៉ាប់ ហ្ស៊កដានី ដើម្បីរកបាន ៦ពិន្ទុពេញ ឈរនៅកំពូលតារាងនៃ ពូល B យ៉ាងរឹងមាំ ក្រោយពេលយកឈ្នះអូស្រ្តាលី ១-០ កាលពី១ប្រកួតបើកឆាក មុនពេលប៉ះប៉ាឡេស៊ី ជាការប្រកួត បង្គប់កិច្ចនាសប្តាហ៍ក្រោយនេះ។

១គ្រាប់ដំបូងរបស់ហ្ស៊កដានី រកបានដោយកីឡាករ Musa Al-Taamari នៅនាទីទី២៦ មុនពេលមិត្តរួមក្រុម Tareq Khattab តែតបញ្ចូលទីគ្រាប់ទី២ នៅនាទីទី៤៣ ចុងម៉ោងនៃវគ្គទី១ ខណៈវគ្គទី២ រយៈពេល ៤៥នាទីពុំមានការបំប៉ោង សំណាញ់ទីគ្នាទៀតឡើយ បើទោះបីជាស៊ីរីខិតខំវាយបក ដើម្បីរកគ្រាប់មកវិញក៏ដោយ ខណៈក្រុមមួយនេះទើបរកបាន ១ពិន្ទុប៉ុណ្ណោះ កាលប្រកួតស្មើនឹងប៉ាឡេស្ទីន ០-០៕