(ភ្នំពេញ)៖ កំពូលតារាចម្រៀងលំដាប់ប្រទេស កញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានគេសង្កេតឃើញថា នាងនៅតែទទួលបានប្រជាប្រិយភាពខ្ពស់ ពីសំណាក់មហាជន ស្ទើរគ្រប់ស្រទាប់ បានភ្ជាប់ពាក្យមានគូដណ្ដឹង ជាមួយប្អូនប្រុសថៅកែផលិតកម្មហង្សមាស គឺលោក អ៊ឹង សុខលី រួចមកហើយក្ដី។ ថ្មីៗនេះស្រីស្រស់ ឱក សុគន្ធកញ្ញា បានដឹកដៃលោក អ៊ឹង សុខលី ជាគួស្នេហ៍ នាំគ្នាទៅជិះស្គីលេងយ៉ាងសប្បាយ ក្នុងប្រទេសចិន ក្នុងស្ថានភាពអាកាសធាតុដ៏ត្រជាក់។
យ៉ាងណាមិញ ទោះបីជាមិនទាន់បង្ហើបពីថ្ងៃ រៀបមង្គលការឲ្យជាក់លាក់ តែតារាស្រីមានប្រជាប្រិយភាពរូបនេះ តែងតែបង្ហាញភាពផ្អែមល្ហែម ជាមួយគូដណ្ដឹងរបស់ខ្លួនកាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ នៅលើបណ្ដាញហ្វេសប៊ុក ធ្វើឲ្យហ្វេនៗជាច្រើន បញ្ចេញក្ដីរំភើបជំនួស។ ជាក់ស្ដែង ចូលដល់ឆ្នាំ២០១៩ភ្លាម ស្រីស្រស់រូបនេះ និង អនាគតស្វាមី បានបណ្តើរគ្នាទៅលម្ហែកាយ យ៉ាងរីករាយនៅឯប្រទេសចិន ដើម្បីបង្កើនការយល់ចិត្តយល់ថ្លើមគ្នា កាន់តែស៊ីជម្រៅ មុនពេលមង្គលការមកដល់។
ជាការពិត នៅលើវាលទឹកកកដល់សែនត្រជាក់ កញ្ញា ឱកសុគន្ធកញ្ញា បានបង្ហាញសារយ៉ាងមានន័យថា «អាកាសធាតុត្រជាក់ តែបេះដូងនាងមិនត្រជាក់ទេ»។ តាមរយៈរូបភាព សារខ្លីនេះរបស់កញ្ញា ឱក សុគន្ធកញ្ញា ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម ក៏ដូចជាអ្នកគាំទ្រជាច្រើន បានចូលរួមសម្ដែង ការសរសើរ និងជូនពរគូស្នេហ៍មួយគូនេះ ឲ្យទទួលបានសុភមង្គល យូរអង្វែងទៀត រហូតដល់ចាស់កោងខ្នងផងដែរ។
គួរជម្រាបថា នេះមិនមែនជាលើកទីមួយទេ ក្នុងការធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស ពីសំណាក់តារាចម្រៀងស្ថិតក្នុងដួងចិត្តយុវវ័យ ឱក សុគន្ធកញ្ញ ជាមួយគូដណ្តឹង ខណៈដែលកន្លងមក នាងធ្លាប់បានធ្វើដំណើរកម្សាន្ត យ៉ាងរ៉ូមែនទិច ជាមួយលោក អ៊ឹង សុខលី នៅប្រទេសផ្សេងៗជាច្រើនទៀត ជាក់ស្ដែងមានដូចជាតំបន់ទេសចរណ៍ ដ៏ល្បីល្បាញនៃកោះម៉ាល់ ជាដើម៕