(ភ្នំពេញ)៖ ក្រោយពីព្យាយាមលាក់បាំងរឿងរ៉ាវបែកបាក់គ្នា រវាងខ្លួន និងស្វាមី ជាយូរខែថ្ងៃមកហើយនោះ នៅថ្ងៃខួបកំណើតកូនស្រីសំណព្វចិត្ត អ្នកនាង លី ច័ន្ទសីហា បានសម្រេចចិត្តសារភាពថា នាងនិងស្វាមីបានលែងលះគ្នា តាំងពីកូនក្នុងផ្ទៃ បាន៥ខែមកម្ល៉េះ។ ដំណឹងនេះ បានបង្កឱ្យមហាជន ក៏ដូចជាអ្នករស់ក្នុងរង្វង់សិល្បៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា ទំនាក់ទំនងស្នេហា លី ច័ន្ទសីហា ដែលមានជាមួយស្វាមី រយៈពេលជាង ៧ឆ្នាំ បានចែកផ្លូវគ្នា ដោយបន្សល់ទុកកូនស្រីជាទីស្រឡាញ់ម្នាក់ ឱ្យកំព្រាឪពុកបែបនេះឡើយ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងថ្ងៃខួបកំណើតកូនស្រីអាយុ ១ឆ្នាំ កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ២០១៩ តារាសម្តែងស្រី លី ច័ន្ទសីហា បានឱ្យដឹងថា «នាងបានលែងលះស្វាមីជាងមួយឆ្នាំហើយ ដោយមានចេញសាលក្រមច្បាស់លាស់ពីតុលាការ។ មូលហេតុដែលនាងសម្រេចចិត្តចែកផ្លូវគ្នាជាមួយស្វាមី ព្រោះរស់រួមរស់ជាមួយគ្នាតទៅទៀតលេងបាន ខណៈស្វាមីរបស់នាងតែងតែដើរចោលនាងរហូត ទោះបីនាងកំពងុមានផ្ទៃពោះក៏ដោយ»។
នាងថា «ភាពរកាំរកូសក្នុងជីវិតគូស្វាមីភរិយារបស់នាង បានកើតឡើងជាហូរហែរ ប៉ុន្តែនាងចេះតែទ្រាំ និងផ្តល់ឱកាសឱ្យស្វាមី ព្រោះគិតថា ប្រហែលជាពេលមានកូនទៅស្វាមីអាចកែខ្លួន ឈប់ដើរក្រៅចោលនាង តែទីបំផុតនៅតែដដែល រហូតធ្វើឱ្យនាងទ្រាំតទៀតមិនបាន ឆ្អែតចិត្ត ក៏សម្រេចចែកផ្លូវគ្នាដើររៀងៗខ្លួនតែម្តង»។ នាងបន្ថែមថា «គិតចាប់តាំងពីលែងលះគ្នា ជាងមួយឆ្នាំមក បច្ចុប្បន្នស្វាមីរបស់នាងមានគ្រួសារមួយទៀតហើយ ខណៈភរិយាក្រោយកំពុងពពោះកូន ៦ខែ»។
ទោះបីជា មានការផ្សះផ្សារគ្នា ពីក្រុមគ្រួសារទាំងសង់ខាង មិនឱ្យលី ច័ន្ទសីហា និងស្វាមី បែកបាក់គ្នាក៏ដោយ តែតារាស្រីរូបនេះបានប្រាប់ថា «ខ្លួនពិតជាឆ្អែតចិត្តខ្លាំងណាស់ ហើយទ្រាំនឹងទង្វើររបស់ប្តីតទៅទៀតលេងបាន ខណៈសម្រាល់កូនបាន១ខែ ប្តីមិននៅជិត បែរជានៅដើរលេងសប្បាយជាមួយស្រីផ្សេងនៅកំពត ខណៈទង្វើរបែបនេះ បានជម្រុញចិត្តឱ្យនាង ឱ្យសម្រេចចិត្តលែងលះភ្លាមៗតែម្តង»។
គួបញ្ចាក់ថា លី ច័ន្ទសីហា បានស្គាល់អតីតស្វាមីដោយផ្ទាល់ មិនមានការណែនាំពីនរណានោះទេ។ បន្ទាប់ពីសិក្សាស្វែងយល់ពីគ្នាអស់រយះពេលជាច្រើនឆ្នាំរួចមក ទើប សម្រេចចិត្តចូលរោងការ កាលពីថ្ងៃទី០៥ ខែឧសភាឆ្នាំ ២០១៧ កន្លងទៅ ដោយបន្សល់ទុក កូនស្រីម្នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍។ ក្រោយលះលែងគ្នា តាមផ្លូវច្បាប់ចប់សព្វគ្រប់ កូនស្រី បានទៅលើ លី ច័ន្ទសីហា ជាម្តាយជាអ្នកមើលថែ៕