(កូរ៉េ)៖ SidusHQ បានចែករំលែកពីព័ត៌មានថ្មីសម្រាប់តារាសម្តែង Kim Woo Bin។ នៅថ្ងៃនេះតំណាងឧស្សាហកម្មភាពយន្ត បានលើកឡើងថា «Kim Woo Bin ទំនងជាមានសុខភាពល្អប្រសើរឡើងច្រើនហើយរូបគេអាចនឹងត្រឡប់មកស្វាគមន៍ ទស្សនិកជនម្តងទៀតជាមួយនឹងគម្រោងថ្មីនៅឆ្នាំនេះ» ហើយក៏មានខ្សែភាពយន្តជាច្រើនកំពុងត្រូវបានស្នើមក។

ពេលនេះ Kim Woo Bin កំពុងតែជជែកពីខ្សែភាពយន្តឧក្រិដ្ឋកម្មបែបប្រវត្តិសាស្ត្រថ្មីមួយជាមួយ Choi Dong Hoon ដែលជាប្រធានគម្រោងដែលធ្លាប់ធ្វើការជាមួយគ្នាពីមុន។

ចំពោះដំណឹងនេះត្រូវបានភ្នាក់ងាររបស់ Kim Woo Bin ឆ្លើយតបថា «ជាការពិត ស្ថានភាពរបស់ Kim Woo Bin បានប្រសើរឡើងច្រើនហើយ ប៉ុន្តែគេមិនមានគម្រោងវិល ត្រឡប់មកវិញទេ»

តារាប្រុសរូបនេះនៅតែផ្តោតលើការព្យាបាលសុខភាពរបស់ខ្លួនជារឿងសំខាន់។

គួរបញ្ជាក់ថា Kim Woo Bin ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកច្រមុះកាលពីខែឧសភា ឆ្នាំ២០១៧ ហើយចាប់តាំងពី ពេលនោះមកលោកក៏បានផ្អាកពីការងារសិល្បៈដោយផ្តោតសំខាន់លើការព្យាបាលខ្លួនប៉ុណ្ណោះ៕