(ភ្នំពេញ)៖ ថ្មីៗនេះ អ្នកដឹកនាំសម្តែងវ័យក្មេង ប្រចាំផលិតកម្មថោន លោក Rith Omega បានយករឿងរ៉ាវស្នេហាពិត របស់តារាសម្តែង និងពិធីការិនី អ្នកនាង សុខ សោម៉ាវត្តី ជាមួយនឹងកីឡាករបាល់ទាត់ លោក លី វ៉ាហេត មកផលិតចេញជាសាច់រឿង Short Film ដែលនិយាយពីឧបសគ្គស្នេហ៍ របស់អ្នកទាំងពីរ ធ្វើឲ្យប្រិយមិត្តទស្សនិកជន ចាប់អារម្មណ៍ និងកាន់តែចង់ដឹង ពីរឿងរ៉ាវស្នេហារបស់គូស្នេហ៍ខុសវ័យ មួយគូនេះកាន់តែខ្លាំង។
អ្នកដឹកនាំវ័យក្មេង លោក Rith Omega បានរៀបរាប់ឲ្យដឹងថា «សាច់រឿង Short Film ថ្មីរបស់ខ្ញុំនិយាយពីជីវិតស្នេហាពិតរបស់តី និង វ៉ាហេត និយាយពីឧបសគ្គ ដែលពួកគេ បានហែលឆ្លងកន្លងមក។ ចង់ដឹងអត់ថាសាច់រឿងយ៉ាងណា ក្រោយខ្នងសាធារណជនទាំងអស់គ្នា តើពួកគាត់មានរឿងបែបណាខ្លះ?»។
ជាមួយគ្នានេះ បន្ទាប់ពីបានដឹងបែបនេះ ប្រិយមិត្តទស្សនិកជនជាច្រើន ទន្ទឹងរង់ចាំទស្សនា សាច់រឿង Short Film និយាយពីជីវិតស្នេហា របស់តារាសម្ដែង សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់ លោក លី វ៉ាហេត ថាមានឧបសគ្គបែបណា បានជាអ្នកទាំងពីរមិនចង់ហ៊ានបង្ហាញ ជាសាធារណៈនោះ?។
យ៉ាងណាមិញ បើក្រឡេកទៅចាប់អារម្មណ៍ពីជីវិតស្នេហា កន្លងមក សុខ សោម៉ាវត្តី និង លី វ៉ាហេទ តែងតែបង្ហាញពីភាពផ្អែមល្ហែម ទៅកាន់គ្នាទៅវិញទៅមក តែស្រីស្រស់ ប្រុសសង្ហារទាំងពីររូបនេះ មិនដែលនិយាយដោយផ្ទាល់រឿងស្នេហា ដោយបើកចំហរនោះទេ។ ប៉ុន្តែស្រាប់តែថ្មីៗនេះ លោក លី វ៉ាហេទ ក៏បានធ្វើការបើកចំហរស្នេហារបស់ខ្លួន ដោយលែងលាក់លៀម ខណៈដែលលោកបានដាក់ Relationship (បង្ហាញពីទំនាក់ទំនង) ជាមួយនឹង សុខ សោម៉ាវត្តី នៅលើបណ្តាញសង្គម ដែលធ្វើឲ្យអ្នកដែលនិយមលេងហ្វេសប៊ុក ជាច្រើនមានការភ្ញាក់ផ្អើល និងអបអរសាទរ ចំពោះគូស្នេហ៍មួយគូនេះ៕