(ភ្នំពេញ)៖ កីឡាករកូនកាត់ខ្មែរ-នូវែលសេឡង់ ៣នាក់ ដែលជាបងប្អូនបង្កើតនឹងគ្នា ដោយមានឪពុកជាជនជាតិខ្មែរ និងម្ដាយជាជនជាតិនូវែលសេឡង់ ហើយជាសមាជិកក្រុមយុវជនថ្នាលនៃក្លឹប Melville United Academy បានបង្ហាញនូវក្ដីសុបិនចង់ក្លាយជាកីឡាករជម្រើសជាតិកម្ពុជា បន្ទាប់ពីពួកគេបានវិសមកាលពីការសិក្សា និងការហ្វឹកហាត់ជាមួយក្រុមថ្នាល ហើយបានមកបង្ហាញបច្ចេកទេស នៅលើទីលាន Cantral Park រាជធានីភ្នំពេញ កាលពីពេលថ្មីៗ។

សម្រាប់យុវជនថ្នាលទាំង ៣នាក់ រួមមានយុវជន លឹម ចិត្ត អាយុ ១៨ឆ្នាំ, លឹម អារុណ អាយុ ១៥ឆ្នាំ និងយុវជន លឹម លោកា អាយុ ១២ឆ្នាំ ហើយពួកគេបានលើកឡើងស្រដៀងៗគ្នាថា ពួកគេពិតជាមានមោទនភាពណាស់ ដែលបាន កើតមានជាប់ឈាមជ័រជាខ្មែរ ហើយបំណងប្រាថ្នាដ៏ធំក្នុងជីវិតរបស់ខ្លួន ក្រោយចូលប្រឡូកអាជីពបាល់ទាត់ គឺពួកគេ ចង់ក្លាយជាកីឡាករជម្រើសជាតិកម្ពុជានាថ្ងៃអនាគត ដោយពួកគេបានប្ដេជ្ញានឹងខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្លាំង ដើម្បីត្រៀមជួយក្រុមជម្រើសជាតិកម្ពុជា។

យុវជនត្រកូល «លឹម» បច្ចុប្បន្នកំពុងទទួលការបណ្តុះបណ្តាលជាមួយក្លឹប Melville United Academy ដែលជាក្រុមកម្រិតខ្ពស់មួយនៅនូវែលសេឡង់ ដោយចាប់ផ្ដើមពី ១ ទៅ ៣ឆ្នាំ ពិសេស លឹម ចិត្ត និង លឹម អារុណ ដែលត្រូវបានជ្រើសរើសចូលរួមកម្មវិធីប្រកួតតំណាងឲ្យតំបន់ WaiBop នៃជាមួយក្រុម U14 កាលពីឆ្នាំ២០១៧ និងក្រុម U15 កាលពីឆ្នាំ២០១៨។ មិនតែប៉ុណ្ណោះ លឹម អារុណ ក៏ធ្លាប់ត្រូវបានជ្រើសរើសទៅហាត់រយៈពេល ១ខែ ជាមួយក្លឹប Valencia នៅប្រទេសអេស្ប៉ាញទៀតផង។

ទន្ទឹមជាមួយគ្នា ក្នុងឱកាសវិសមកាល និងនាំកូនប្រុសទាំង ៣នាក់មកលេងស្រុកកំណើត នាទឹកដីកម្ពុជា លោក លឹម គុណ ដែលជាឪពុក និងម្ដាយ គឺលោកស្រី Marliese បានសម្ដែងនូវអារម្មណ៍រីករាយជាខ្លាំងដែលឃើញកូនប្រុសខ្លួន មានឆន្ទៈខ្ពស់ក្នុងការជួយជាតិ តាមរយៈកីឡាបាល់ទាត់ ។ ដូច្នេះលោកសង្ឃឹមថា នៅថ្ងៃណាមួយ បំណងប្រាថ្នាលដ៏ធំក្នុងជីវិតរបស់កូនប្រុសទាំង៣ នឹងបានសម្រេច ហើយលោកជឿជាក់ថា វិស័យកីឡាបាល់ទាត់កម្ពុជា នឹងកាន់តែរីកចម្រើនបន្ថែមទៀតនាថ្ងៃអនាគត។

គួរបញ្ជាក់ថា លោក លឹម គុណ គឺមានស្រុកកំណើត នៅខេត្តព្រះវិហារ តែឆ្នាំ១៩៩០ លោកបានទៅសិក្សានៅនូវែលសេឡង់ ដោយបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ដ្រគ្រប់ក្រង ហើយក៏បានរៀបការជាមួយភរិយារបស់លោក គឺលោកស្រី Marliese។ បច្ចុប្បន្នលោក រួមទាំងភរិយា និងកូនប្រុស កំពុងរស់នៅនូវែលសេឡង់ ហើយគោលបំណងគ្រួសារលោកមកមាតុភូមិនេះ ទី១ គឺមកលេងសាច់ញាត្តិ ទី២ គឺលោកចង់ឲ្យកូនៗរបស់ខ្លួន បង្ហាញសមត្ថភាពជាមួយក្លឹបមួយ នៅកម្ពុជា គឺក្លឹបបឹងកេត ដែលជាចំណុចចាប់ផ្ដើមក្នុងក្ដីសុបិនរបស់ពួកគេ ក្នុងដំណើរឆ្ពោះទៅរកកៅអីសមាជិកក្រុមជម្រើសជាតិកម្ពុជានាថ្ងៃអនាគត៕