(ភ្នំពេញ)៖ ពិធីការិនីពូកែ វោហារស័ព្ទសម្ដីផ្អែម អធិប្បាយមិនចេះរីងស្ងួត ប្រចាំស្ថានីយទូរទស្សន៍បាយ័ន អ្នកនាង ស៊ឹម សូលីកា នៅតែមានប្រិយមិត្តទស្សនិកជន សម្គាល់ឃើញថា អ្នកនាង នៅតែមានទំនាក់ទំនង ក៏ដូចជារាប់អានគ្នា ដូចជាគ្រួសារតែមួយ បើទោះបីជានាង និងអតីតស្វាមីបានចែកផ្លូវគ្នាដើរ ព្រមទាំងមានដៃគូជីវិតរៀងៗខ្លួនហើយនោះ។
ជាក់ស្ដែង នៅក្នុងឱកាសឆ្លងឆ្នាំ កន្លងទៅនេះ ពិធីការីនីរូបស្រស់ សោភា អ្នកនាង ស៊ឹម សូលីកា បានបង្ហោះរូបភាពជួបជុំ គ្រួសារក្នុងឱកាសឆ្លងឆ្នាំនេះ ដែលមើលទៅ ពិតជាមានសុភមង្គល ដោយនាងបានរៀបចំពិធី ជប់លៀងឆ្លងឆ្នាំ នៅគេហដ្ឋានរបស់ខ្លួនយ៉ាងរីករាយ។ ក្នុងការជួបជុំនោះ រួមមានអតីតស្វាមី ក៏បានមកចូលរួមឆ្លងឆ្នាំ ជាមួយនាងនិងកូនស្រីព្រមទាំង លោក អេង ឫទ្ធី ជាគូស្នេហ៍ថ្មី របស់នាងក៏បានចូលរួម យ៉ាងរីករាយថែមទៀតផង។
ជាមួយគ្នានេះដែរ មានការបង្ហើប ពីសំណាក់ប្រភពដែលជិតស្និទ្ធ ជាមួយអ្នកនាង ស៊ឹម សូលីកា ឲ្យដឹងថាពិធីការិនីរូបនេះ និងអតីតស្វាមី នៅតែបន្តរាប់អានគ្នាជាធម្មតា ហើយពេលនេះផងដែរ អតីតស្វាមីរបស់នាង ក៏មានភរិយាហើយដែរ ស្របពេលដែរ អ្នកនាង ស៊ឹម សូលីកា ក៏បានសាងស្នេហ៍ថ្មី ជាមួយនឹងពិធីករ ដែលជាដៃគូដ៏ស័ក្តិសមសម្រាប់នាង។
គួរបញ្ជាក់ថា អ្នកនាង ស៊ឹម សូលីកា និងកូនស្រីតែមួយរបស់នាង បច្ចុប្បន្នកំពុងរស់នៅ យ៉ាងមានសុភមង្គល ក្នុងជីវភាពហ៊ឺហាជាមួយលោក អេង ឫទ្ធី ដែលជាគូស្នេហ៍ថ្មី ហើយជារឿយៗ គូស្នេហ៍វ័យកណ្តាលមួយគូនេះ តែងបង្អួតរូបថតផ្អែមល្ហែមជាមួយគ្នា បង្ហាញដល់អ្នកគាំទ្រផងដែរ៕