(ភ្នំពេញ)៖ ស្រីស្រស់ថ្ពាល់ខួច ញញឹមមានមន្តស្នេហ៍ មានមុខមាត់ស្រដៀង ទៅនឹងតារាសម្ដែងជើងចាស់ ដាញ់ ម៉ូនីកា គឺកញ្ញា ចាន់ នីកា ដែលទស្សនិកជន ស្គាល់ច្រើនតាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» តាមរយៈការផ្សាយផ្ទាល់ ពីទូរទស្សន៍ Fresh News ជារៀងរាល់ចុងសប្តាហ៍នោះ បច្ចុប្បន្នហាក់មានសន្ទុះទីផ្សារគួរឲ្យកត់សម្គាល់ ក្នុងអាជីពសិល្បៈ មិនថាសម្តែង ឬពិធីការិនីនោះទេ។ ជាក់ស្តែង ចូលឆ្នាំថ្មីភ្លាម នាងបានគ្រងតំណែងជាតួឯកក្នុងរឿងថ្មីភ្លែតតែម្តង ដោយក្នុងនោះនាងត្រូវបានផលិតកម្ម Khmer Drama ជ្រើសរើសឲ្យចូលរួមសម្តែងក្នុងរឿងថ្មី ដោយទទួលបានតំណែងជាតួឯកស្រី ក្នុងរឿង «ភរិយាឈ្លើយស្នេហ៍»។
ជាការកត់សម្គាល់ មហាជនសង្កេតឃើញថា ចាប់តាំងពីចុងឆ្នាំ ២០១៨ រហូតមកទល់នឹងដើមឆ្នាំ ២០១៩ នេះ ប្រជាប្រិយភាពរបស់ពិធីការិនីរូបស្រស់ សម្រស់ឆើតឆាយ សំដីផ្អែមល្ហែម ដូចស្ករតាំងម៉ែ កញ្ញា ចាន់ នីកា ហាក់មានទីផ្សារសិល្បៈសមល្មម ខណៈការទទួលបានតំណែង ជាតួឯកលើកនេះ ប្រៀបបាននឹងឱកាសដ៏ពិសេសមួយ ជួយឲ្យនាង បញ្ចេញសមត្ថភាពផ្នែកសម្តែង ដែលមានតាំងពីកំណើត ដល់អ្នកទស្សនាកំសាន្តអារម្មណ៍។
ស្រីស្រស់មានរាងស្រឡូន ចង្កេះមូលក្បំ ចាន់ នីកា បានថ្លែងប្រាប់ Fresh News និង Khmer Talking ទាំងទឹកមុខស្រស់ស្រាយថា «ចា៎បង! ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ ដែលផលិតកម្ម Khmer Drama ផ្តល់ឱកាសដល់នាងខ្ញុំ ក្នុងការចូលរួមសម្តែងក្នុងរឿងថ្មី មានចំណងជើងថា «ភរិយាឈ្លើយស្នេហ៍»។ អ្វីដែលពិសេស គឺបានជ្រើសរើសខ្ញុំជា តួឯកស្រីក្នុងរឿងនេះទៀតផង។ ខ្ញុំសន្យាថា នឹងខិតខំបំពេញតួនាទីដ៏សំខាន់មួយនេះ ជាមួយនឹងតារារួមអាជីព សម្តែងឲ្យបានល្អ សម្រាប់ជាចំណីចក្ខុ ដល់ប្រិយមិត្តទស្សនិកជន ក្នុងការទស្សនាកំសាន្ត ជាមួយនឹងស្នាដៃសម្តែងរឿងថ្មី របស់ខ្ញុំនៅពេលនេះ»។
យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយនោះទេ ដែលពិធីការិនី រូបស្រស់ប្រចាំកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» កញ្ញា ចាន់ នីកា បានគ្រងតំណែងជាតួឯកនោះ ខណៈរឿងមុនៗ ក៏នាងបានទទួលតំណែងនេះដែរ ដូចជារឿង «ភូមិគ្រិះជំពាក់ស្នេហ៍» និងរឿងមួយចំនួនទៀត៕