(ភ្នំពេញ)៖ ពិតជារឿងមួយចំពោះភាពក្លាហានរបស់កញ្ញា ញឹម ចាន់ថន ដែលជាតារាសម្ដែងល្បីឈ្មោះមួយដួង បានបង្ហាញពីការលះបង់ខ្ពស់ មិនធ្លាប់មានក្នុងជីវិតជាតារាសម្ដែង ខណៈដែលនាងបានសម្ដែងឈុតស្រាត ជាមួយនឹងតារាសម្ដែងលោក ម៉េង ប៊ុនឡូ ដោយបានស្រាតចំហរល្វែងលើទាំងអស់ នៅចំពោះមុខតារាសម្ដែងប្រុសរូបនេះ ហើយអះអាងថា បើក្រៅពីលោក ម៉េង ប៊ុនឡូ ទោះជាផលិតករផ្សេងឲ្យថ្លៃប៉ុន្មាន ក៏នាងមិនព្រមធ្វើបែបនេះដែរ។
ការអះអាង របស់តារាសម្ដែង ញឹម ចាន់ថន ត្រូវបានធ្វើឡើងក្នុងពិធីបើកសម្ពោធរឿង «ចិញ្ចៀន» ដែលបានរៀបចំធ្វើឡើង នៅរោងភាពយន្តលេជេន អេដិន សាខាបឹងកក់ ក្រោមវត្តមានតារាល្បីៗ បានមកចូលរួមលើកមុខមាត់កុនខ្មែរ ព្រមទាំងបណ្តាអ្នកសារព័ត៌មានមួយចំនួន និងសិល្បករ-សិល្បការិនី ជាច្រើនដួងទៀត។ រឿង «ចិញ្ចៀន» គឺជាភាពយន្ត ដែលមានការជួយជ្រោមជ្រែង ពីសំណាក់ផលិតកម្ម «ចក្កវាឡពេជ្រភាពយន្ត» ដែលជាផលិតកម្មមួយមានស្នាដៃ និងបទពិសោធន៍ក្នុងភាពយន្តខ្មែរយូរឆ្នាំ ហើយមានអ្នកស្រី ថុង ស៊ីវទៀង ចាងហ្វាងផលិតកម្ម។
តារាសម្ដែងដែលហ៊ានលះបង់ខ្ពស់ ក្នុងការសម្ដែងឈុតស្រើបស្រាលកញ្ញា ញឹម ចាន់ថន បានអះអាងថា ខ្លួនបានចំហរមួយល្វែងលើ ដោយគ្មានប្រើបច្ចេកទេសបិតបាំង អ្វីទាំងអស់ ហើយមិនចង់ឲ្យ ផលិតករកាត់ប្លង់នោះចោល ។ យ៉ាងណាមិញ ញឹម ចាន់ថន បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តធ្វើបែបនេះ គឺដោយសារតែដើម្បីលោក ម៉េង ប៊ុនឡូ ម្នាក់ប៉ុណ្ណោះ បើក្រៅពីលោក ទោះជាឲ្យតម្លៃខ្លួននាងប៉ុន្មាន ក៏មិនទទួលថតដែរ។
ដោយឡែកលោក ម៉េង ប៊ុនឡូ បានថ្លែងជុំវិញការសម្រេចចិត្តថតរឿង «ចិញ្ចៀន» នេះថា ក្នុងភាពយន្ត លោកសម្រេចធ្វើឡើង ដោយមានភាគហ៊ុន៣នាក់ គឺរូបលោក៥០ភាគរយ, កញ្ញា ញឹម ចាន់ថន ២៥ភាគរយ និងអ្នកនាង ទូច ស្រីលក្ខណ៍ ២៥ភាគរយ ហើយផលិតកម្មចក្តវាឡពេជ្រ គឺជាអ្នកជ្រោមជ្រែងពីក្រោយ។ ក្នុងភាពយន្តរឿង «ចិញ្ចៀន» គឺមានរឿងរ៉ាវពាក់ព័ន្ធនឹងចិញ្ចៀនទាំងអស់ ដោយក្នុងរឿងទាំងមូលមានឈុតភ័យរន្ធត់ និងសំណើចពាក់កណ្ដាលស្មើគ្នា ហើយក្រៅពីនោះបង្ហាញពីក្បាច់គុនល្បុក្កតោ តំបន់ទេសចរណ៍ និងឈុតឆាកស្នេហារ៉ូមេនទិក។
លោក ម៉េង ប៊ុនឡូ អះអាងបន្តថា ភាពយន្តនេះ ប្រកាសដាក់បញ្ចាំងផ្លូវការគ្រប់រោង នៅថ្ងៃទី៣ មករា ដើមឆ្នាំ២០១៩ ដោយអ្នកទិញសំបុត្រទស្សនា ក៏មានឱកាសឈ្នះរង្វាន់ចិញ្ចៀនពេជ្រ តម្លៃ១៥០០ដុល្លារ ក្នុងការចាប់ឆ្នោតនៅពេលទម្លាក់រឿង ផងដែរ។
ចំណែកអ្នកស្រី ថុង ស៊ីវទៀង ចាងហ្វាងផលិតកម្មចក្កវាឡពេជ្រ ដែលជាអ្នកជួយជ្រោមជ្រែង ក៏បានថ្លែងឲ្យដឹងថា លោកស្រីសូមលើកទឹកចិត្តដល់ ម៉េង ប៊ុនឡូ, ទូច ស្រីលក្ខណ៍ និង ញឹម ចាន់ថន ដែលតស៊ូខំពុះពារ ធ្វើការជាមួយកុនមួយរឿងនេះ យូរថ្ងៃយូរខែដោយភាពអំណត់ណាស់។ ពេលខ្លះត្រូវរស់នៅលើភ្នំ ថតនៅតាមជ្រោះជ្រៅៗ ហេតុតែចង់បង្ហាញពីតំបន់ទេសចរណ៍ របស់ខេត្តខ្មែរ។ នេះជាទំពាំងស្នងឫស្សីថ្មីមួយ ដែលចាប់ដុះឡើង ហើយសូមប្រិយមិត្តទាំងអស់ ជួយគាំទ្រលើកទឹកចិត្តទាំងអស់គ្នា ក្នុងលើកស្ទួយវិស័យភាពយន្តខ្មែររបស់យើង៕