(ភ្នំពេញ)៖ កីឡាករចាំទី យ៉ាទី ដែលផ្លាស់ទៅ ណាហ្គាវើល កាលពាក់កណ្ដាលរដូវមុននេះនឹង បង្ហាញខ្លួនក្នុងពានលំដាប់ទី២ ទ្វីបអាស៊ី AFC Cup ជាមួយណាហ្គាវើល ក្រោយបង្ហាញខ្លួនពីរឆ្នាំជាប់គ្នាជាមួយក្រុម បឹងកេត។
អ្វីដែលសំខានផងនោះ ជាកំណត់ត្រាថ្មី មួយទៀតសម្រាប់អ្នកចាំទីដៃស្អិតរូបនេះ។ យ៉ាទី ជាអ្នកចាំទីត្រូវបានកត់ត្រាក្នុងប្រវត្តិបាល់ទាត់កម្ពុជា តាមរយៈការរួមចំណែកឲ្យ ៤ ក្លឹបឈ្នះពានផ្សេងគ្នា។ គេឈ្នះពាននៅក្រុមការពារជាតិ, ភ្នំពេញក្រោន, បឹងកេត និង ចុងក្រោយ ណាហ្គាវើល។
គួររំលឹកបន្ថែមទៀតថា នៅឆ្នាំ ២០១០ ជាឆ្នាំដំបូងដែល ស៊ូ យ៉ាទី លើកពានសម្ដេច ហ៊ុន សែន ពេលលេងនៅការពារជាតិជាមួយអ្នកចាំទីរៀមច្បង សំរឹទ្ធ សីហា។ ក្រោយមក យ៉ាទី ជួយ ភ្នំពេញក្រោន ឈ្នះពានលីគកំពូលឆ្នាំ ២០១៤ និង ទទួលបានលេខ៣នៅពាន Mekong Club Championship បន្ទាប់ពីផ្លាស់ពីការពារជាតិនៅឆ្នាំ ២០១៣។
កាន់តែគួរឲ្យកត់សំគាល់ថែមទៀត យ៉ាទី ជួយឲ្យ បឹងកេត លើកពានលីគកំពូល ២ ដងជាប់គ្នា នៅឆ្នាំ ២០១៦ និង ២០១៧ និង កក់កៅអីលេងពាន AFC Cup។ ឆ្នាំ ២០១៥ ជាឆ្នាំល្អទៀត ពេលជួយ បឹងកេត ក្លាយជាជើងឯករង Mekong Club Championship។
យ៉ាទី គេបានក្លាយជាអ្នកចាំទីល្អនៅពាន Mekong Club Championship នាឆ្នាំ ២០១៥ ទៀតផង។ មិនត្រឹមជួយបឹងកេត ឈ្នះពាន តែខ្លួនគេផ្ទាល់ ឈ្នះពានស្រោមដៃនៅលីគកំពូលកម្ពុជា ២០១៧ ។
ក្លឹបណាហ្គាវើល ស្ថិតនៅពូល F ជាមួយ Hanoi FC របស់វៀតណាម , Tampines Rovers របស់សិង្ហបុរី និង Yangon United / Zwekapin United របស់មីយ៉ាន់ម៉ា។ ណាហ្គាវើល ប្រកួតបើកឆាកដោយទៅសួរសុខទុក្ខម្ចាស់ផ្ទះ Hanoi FC នាថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ ខាងមុខ មុនទទួលភ្ញៀវ Yangon United / Zwekapin United របស់ មីយ៉ាន់ម៉ា នៅទឹកដីកម្ពុជា។
ឆ្នាំ២០១៨ ជាឆ្នាំជោគជ័យថ្មីមួយទៀត ពោលរូបគេ ជួយឲ្យណាហ្គាវើល ឈ្នះពាន លីគកំពូល បន្ទាប់ពីខកខានតាំងពីឆ្នាំ ២០០៩មក។ ឆ្នាំ ២០១៩ ខាងមុខជាឆ្នាំដែលរូបគេត្រូវរួមចំណែកណាហ្គាវើល ដើម្បី ត្រៀមដៃចាប់ក្នុងការប្រកួតក្នុងពាន AFC Cup។
សូមបញ្ជាក់ផងដែរថា អ្នកចាំទីជម្រើសជាតិ និង ណាហ្គាវើល ស៊ូ យ៉ាទី ដែលមានវ័យ ២៧ ឆ្នាំនឹងក្លាយជាកីឡាករខ្មែរម្នាក់គត់លេងក្នុងពាន AFC Cup ៣ឆ្នាំជាប់គ្នា៕