(ភ្នំពេញ)៖ មួយរយៈចុងក្រោយមកនេះ ផលិតកម្ម មរតកមេឌា បានចេញបទចម្រៀងជាបន្តបន្ទាប់ ដោយមានការគាំទ្រច្រើន ពីទស្សនិកជន និងផ្ទុះខ្លាំងលើទីផ្សារសិល្បៈផងដែរ។ លើសពីនេះ មហាជនសង្កេតឃើញថា មានបទចម្រៀងមួយចំនួន ដែលជាការបកស្រាយ​ដោយតារាចម្រៀង សយ រតនា មានការល្បីកក្រើកខ្លាំង គួរឲ្យកត់សម្គាល់ ខណៈតារារូបនេះ បង្ហាញវត្តមាន បន្ទាប់ពីលោក ប៊ុត សីហា ត្រូវបានផលិតកម្ម ប្រកាសថាមិនមែនជាតារា​ ក្នុងផលិតកម្មរបស់ខ្លួន។

ជាក់ស្ដែង សយ រតនៈ ត្រូវបានផលិតកម្ម មរតកមេឌា ចាត់ទុកថាប្រៀបបាននឹងគ្រាប់ពេជ្រ ប្រចាំផលិតកម្មទៅហើយ​ ព្រោះតារាប្រុសរូបនេះ មិនត្រឹមតែចេះច្រៀង យ៉ាងពីរោះនោះទេ ថែមទាំងមានសមត្ថភាពខ្ពស់ ក្នុងវិស័យសិល្បៈ អាចនិពន្ធទំនុកច្រៀង និងបទភ្លេងបានទៀតផង​ ខណៈបទចម្រៀងថ្មីដែល ជាស្នាដៃនិពន្ធនិងច្រៀងដោយ​លោក សយ រតនា ផ្ទាល់កំពុងតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន។

លោក លុខ លីមរក្សា បានប្រាប់ Khmer talking និង Fresh News ថា សយ រតនា បានចូលរួមនិពន្ធ និងច្រៀងសម្រាប់ផលិតកម្ម មរតកមេឌា ចាប់តាំងពីកកើតដំបូង កាលពីចុងឆ្នាំ២០១៨នោះម៉្លេះ តាមរយៈបទ «តណ្ហា» ហើយប្រជាប្រិយភាពរបស់គាត់បានកើនឡើង ក្រោយលោកបានច្រៀងបទចម្រៀង ដែលនិពន្ធផ្ទាល់ខ្លួនដូចជាបទ «បងមិនយំទេគ្រាន់តែហូរទឹកភ្នែក» ដែលជាបទឆ្លើយឆ្លងជាមួយ កញ្ញា លីន សោមា និងបទ «ខ្ញុំស្រឡាញ់នាងតាំងពីនាងស្រឡាញ់ឯង» ចុងក្រោយនេះគឺបទ «មួយជីវិត» ដែលបទនេះគេយកទៅចាក់តាមកម្មវិធីមង្គលការ ផ្សេងៗផងដែរ។

លោកបញ្ជាក់ថា វត្តមានអ្នកនិពន្ធរបស់សយ រតនា ដែលវិវឌ្ឍន៍ខ្លួនមកជាតារាចម្រៀងរូបនេះ មិនមែនជាការជំនួសតំណែងណាមួយរបស់ ប៊ុត សីហាទេ ប៉ុន្តែគឺជាឱកាសល្អ និងកើតឡើងពីការប្រឹងប្រែងរបស់គាត់ផ្ទាល់ តែម្ដង។

លោក លុខ លីមរក្សា សង្កត់ធ្ងន់ថា សម្រាប់ផលិតកម្ម មរតកមេឌា នៅតែបន្តជួយជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសដល់គ្រប់តារាចម្រៀងរួមដំបូលទាំងអស់ ដោយមិនប្រកាន់បក្សពួក ល្បីឬមិនល្បី សំខាន់ជាងនេះ គឺការគោរពការងារ ពង្រឹងសមត្ថភាពខ្លួនឯងបន្ថែម ដើម្បីទទួលបានការគាំទ្រច្រើនពីទស្សនិក​ជន ខណៈដែលផលិតកម្មនៅតែបន្តឆន្ទៈ ក្នុងការជួយជ្រោមជ្រែងលើកមុខមាត់ បង្កើតឱកាសការងារឲ្យអស់ពីលទ្ធភាព៕