(ភ្នំពេញ)៖ តារាសម្តែងស្រីចាស់វស្សា កញ្ញា សូ ដានីតា កាលពីប៉ុន្មាននាទីមុននេះបានផ្ទុះប្រតិកម្មធ្វើការប្រកាសគំរាមប្តឹងលើបុគ្គលម្នាក់ ដែលបានចូល Comment ផ្ញើសារដោយបំផុសដំណឹងមិនពិត តាមរយៈការប្រមាថអាយុជីវិតរបស់នាងជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេសប៊ុក បង្កការភ្ញាក់ផ្អើលចំពោះមហាជន។
បើតាមការបញ្ជាក់របស់តារាស្រីកញ្ញា សូ ដានីតា បានរៀបរាប់ថាថ្មីៗនេះមានម្ចាស់ Account Facebook មួយ មានឈ្មោះ ជំនោរនិស្ស័យ បានយករូបភាពរបស់នាងដែលត្រូវបានគេចុះផ្សាយនៅលើសារព័ត៌មាន ដែលបានដាក់ចំណងជើងថា ចន ច័ន្ទលក្ខិណា Surprise សូ ដានីតា ស្ទើរស្រក់ទឹកភ្នែកក្នុងថ្ងៃខួបកំណើត។ ប៉ុន្តែភ្លាមៗនោះស្រាប់តែបុរសម្ចាស់ Account Facebook បានចូលសរសេរ Comment បំផុសព័ត៌មានមិនពិតប្រមាថលើអាយុជីវិតនាងទៅវិញ។
កញ្ញា សូ ដានីតា បានបញ្ជាក់ថា ខ្ញុំសូមឲ្យម្ចាស់អាខោនឈ្មោះ ជំនោរ និស្ស័យ ចេញមុខមកដោះស្រាយពីការផុសប្រមាថមើលងាយ អាយុជីវិតរបស់នាងខ្ញុំនឹងក៏ជាដូចដាក់ទំនាយអាយុជីវិតនឹងរាល់ការធ្វើដំណើររបស់នាងខ្ញុំដោយ ចេតនាដោយសរសេរថា (គួរអោយរន្ធត់មែន ទើបតែផុសរូបបានមួយសោះ ឥឡូវក្រឡាប់ឡានពេលធ្វើដំណើរឆ្លងឆ្នាំយ៉ាងតក់ស្លុតបែបនេះ)។ តារាសម្តែងកញ្ញា សូ ដានីតា លើកឡើងទៀតថា ទី១, នេះជាការបំពុលព័ត៌មានប៉ះពាល់ដល់កិត្តយសរបស់នាងខ្ញុំ។ ទី២, គឺប្រមាថអាយុជីវិតនាងខ្ញុំ បើមិនចេញមុខដោះស្រាយទេ នាងខ្ញុំ សូ ដានីតា សុំប្តឹងម្ចាស់អាខោន (ជំនោរ និស្ស័យ) ពីបទប្រមាថមើលអាយុជីវិតនាងខ្ញុំដោយប្រយោល។ ហើយមិនបាច់និយាយថា ឮគេថា ឬឮគេនិយាយទេ ព្រោះមានតែលោកម្នាក់ទេ ដែរសរសេរបែបនេះ អត់មានបងប្អូនណាគេនិយាយទេ គឺមានតែលោកម្នាក់គត់សរសេរបែបនេះ។
សូមបញ្ជាក់ថា តាមរយៈការបញ្ចេញព័ត៌មានដោយគ្មានការពិតដោយចេតនា ប្រមាថជីវិតរបស់តារាស្រីកញ្ញា សូ ដានីតា ខាងលើនេះ ដែលភ្លាមៗនោះ គេកត់សម្គាល់មានអ្នកសិល្បៈរួមអាជីពមួយចំនួន បានបង្ហាញការភ្ញាក់ផ្អើលគ្រប់គ្នានឹងបានផ្ញើសារគាំទ្រឲ្យសាមីខ្លួនកញ្ញា សូ ដានីតា ចាត់វិធានការតាមផ្លូវច្បាប់លើករណីបុរសខាងលើនេះផងដែរ។ ប៉ុន្តែគិតរហូតមកទល់រសៀលនេះ គេនៅមិនទាន់ឃើញមានការចេញមុខសូមទោស និងដោះស្រាយពីសំណាក់ Account Facebookរូបនោះនៅឡើយទេ៕