(ភ្នំពេញ)៖ បើគិតត្រឹមថ្ងៃ១ ខែមករា ឆ្នាំ២០១៩ តារាកំប្លែង នាយ ពាក់មី បានផ្លាស់ប្ដូរជីវិតពីកម្មករសំណង់ មកធ្វើជាតារាកំប្លែង ប្រចាំស្ថានីយ៍ទូរទស្សន៍ CTN​ រយៈពេល១០ឆ្នាំ ហើយ។ ក្នុងថ្ងៃគម្រប់ខួប១០ឆ្នាំនៃការផ្លាស់ប្តូរទ្រនំជីវិតកាលពីម្សិលមិញនេះ តារាកំប្លែងនាយពាក់មី បានធ្វើពីធីអបអរសាទរ ដោយមានការចូលរួមពីសំណាក់តារារៀមច្បង និង អ្នករួមអាជីពមួយចំនួន។ ជាពិសេសមាននំខេក អមដោយផ្កាកុលាប ដ៏ស្រស់ស្អាតផងដែរ។

តាមរយៈហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាយពាក់មី​ បានបង្ហោះសារមួយឃ្លា​ ដោយភ្ជាប់នឹងរូបថតពីរសន្លឹកថា «ថ្ងៃនេះ​ គឺគម្រប់១០ឆ្នាំ ដែលខ្ញុំផ្លាស់ផ្តូរជីវិតពីកម្មករសំណង់ មកជាតារាកំប្លែង​ អរគុណ CTN។ អរគុណលោកគ្រូ អ្នកគ្រូ និងលោកតាវិចទរ័​ អរគុណបងប្អូនដែលគាំទ្រ ដែលធ្វេីឲ្យខ្ញុំមានថ្ងៃនេះ»

ជាមួយគ្នានេះ គេសង្កេតឃើញថា ជារៀងរាល់ឆ្នាំ ក្រុមនាយពាក់មី​ តែងតែយករបស់របរមួយចំនួន ទៅជូន​តារាកំប្លែងជើងចាស់​ដែលជារៀមច្បង ដូចជានាយកុយ​ នាយឃ្លោក​ អ្នកនាងគ្រតក៏ដូចជាលោកតាវិចទ័រ ដើម្បីជាការដឹងគុណផងដែរ។

គួរបញ្ជាក់ផងដែរថា​ ក្រុមកំប្លែងនាយពាក់មី បានបង្កើតឡើង តាមរយៈការប្រឡងក្នងកម្មវិធី «មហាកំប្លែង» កាលពីឆ្នាំ២០០៩ កន្លងទៅ​ ទើបបង្កើតបានជាក្រុមមួយនេះឡើង។ រយៈពេល១០ឆ្នាំនេះ​ ក្រុមកំប្លែងនាយពាក់មី​ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន៕