(ថៃ)៖ តារាសម្ដែងស្រី Kwan Usamanee ត្រូវបានទស្សនិកជនដឹងថា នាងចូលប្រឡូកក្នុងវិស័យសម្ដែង តាំងពីក្មេងមកម្ល៉េះ ហើយនៅតែបន្ដរហូតមកទល់ពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ នាងមានបទពិសោធន៍ និងការសម្ដែងពេញខ្លួនតែម្តង ជាហេតុធ្វើឱ្យនាងមានប្រជាប្រិយភាព និងភាពល្បីល្បាញជាបន្តបន្ទាប់ផងដែរ។ យ៉ាងណាមិញ ពេលនេះ តារាសម្តែងស្រីដ៏ល្បី រូបនេះ បានក្លាយជាតារាស្រីឯករាជ្យ ក្រោយនាងបញ្ចប់កុងត្រា ជាមួយស្ថាលនីយទូរស្សន៍ប៉ុស្តិ៍លេខ៧។

ការលើកឡើងបែបនេះ បន្ទាប់ពីតារាស្រី Kwan Usamanee បានសម្រេច មិនបន្តកុងត្រាជាមួយ ទូរស្សន៍ប៉ុស្តិ៍លេខ៧ របស់ថៃទៀតទេ ខណៈចុងឆ្នាំ២០១៨នេះ នាងបានចប់កុងត្រា ជាមួយខាងទូរស្សន៍ខាងលើហើយ។ ទន្ទឹមគ្នានេះដែរ កញ្ញា Kwan Usamanee មិនបានស្ថិតក្រោមការគ្រប់គ្រងរបស់ផលិតកម្ម ឬទូរស្សន៍ណាមួយឡើយ ពោលគឺ នាងក្លាយជាតារាឯករាជ្យ។ ទោះបែបនេះនេះ តែបណ្តាអ្នកគាំទ្ររបស់នាង មួយចំនួនបានលើកឡើងថា ទោះតារាឯករាជ្យ មានសិទ្ធសេរីភាពក៏ពិតមែន តែក៏ពិបាកខ្លះដែរ ព្រោះមិនមាន ប៉ុស្ដិ៍ទូរស្សន៍ណាទំនុកបម្រុងឡើយ ថាមិនត្រូវមិនមានរឿងសម្ដែងទៀតផង។

ទោះយ៉ាងណាក្តី តែតារាស្រីរូបនេះ ហាក់មិនបារម្ភអ្វីឡើយ ដោយនាងនៅតែសប្បាយចិត្តជាមួយនឹងការ សម្រេចចិត្តរបស់នាង ខណៈបច្ចុប្បន្នតារាស្រីដួងនេះ កំពុងតែធ្វើឱ្យទស្សនិកជនពេញចិត្តនឹងជីវិតរបស់នាងគ្រប់គ្នា ដោយនាងតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគូស្នេហ៍ថ្មីទៀតផង ដូចជាដឹកដៃគ្នាទៅដើរកំសាន្ដមាត់សមុទ្រ បន្ថែមភាពស្និទ្ធស្នាលផងដែរ៕