(ភ្នំពេញ)៖ មិនខុសគ្នាពីរឿងរ៉ាវរបស់តារាចម្រៀងស្រីវ័យក្មេងកញ្ញា ទេព បូព្រឹក្ស ប៉ុន្មានទេ គ្រាន់តែរឿងមួយជាការប្រើហិង្សាដោយការប្រើកំប៉ុងស្រាបៀ គប់លើតារាចម្រៀងកញ្ញា ទេព បូព្រឹក្ស កំពុងច្រៀងលើឆាក។
ចំណែកឯករឿងស្រីអ្នកនាង ម៉េង កែវពេជ្ជតា ត្រូវបានបុរសស្រវឹងស្រាម្នាក់រួមនិងគ្នា ២នាក់ផ្សេងទៀត ប្រើសម្តីហាក់មើលងាយកិត្តិយសខ្លួន។ ផ្អែកតាមការរៀបរាប់ភ្ជាប់សារយ៉ាងវែងអន្លាយនៅលើបណ្តាញសង្គមហ្វេសប៊ុកអ្នកនាង ម៉េង កែវពេជ្ជតា លើកឡើងចោទជាសំនួរថា តើខ្ញុំខុសដែរមែនទេ? យប់មិញពេលខ្ញុំច្រៀងក្នុងពិធីឆ្លងឆ្នាំនៅសណ្ឋាគាប្រណិត Sokha Hotel ចប់ ខ្ញុំក៏បន្តមកកម្មវិធីឥតព្រៀងទុកមួយរបស់ហ្វ៊ែន (ម៉ោងប្រហែលជា ១១យប់) គឺជាខួបអាពាហ៍ពិពាហ៍ដែលប្រារពនៅក្នុងភោជនីយដ្ឋាន។ ពេលខ្ញុំដើរចូលទៅនិងបានអង្គុយមិនទាន់ទាំងញ៉ាំអ្វីមួយម៉ាត់ផង ក៏មានភ្ញៀវតុផ្សេង មិនមែនភ្ញៀវពិធីទេ ដើរមកសុំខ្ញុំទៅតុរបស់គាត់ដើម្បីថតរូបជាមួយបងប្រុសគាត់។
តារាស្រីសម្លេងពិរោះរណ្តុំចិត្តអ្នកនាង ម៉េង កែវពេជ្ជតា បញ្ជាក់ថា ទោះបីខ្ញុំកំពុងហេវហត់ អស់កម្លាំងនិងឃ្លានយ៉ាងណា តែដោយគោរពលើគាត់ជាទស្សនិកជន ខ្ញុំក៏បានទៅឈរថតជាមួយគាត់ ព្រមទាំងមានបុរសពីរនាក់ទៀតក្នុងស្ថានភាពស្រវឹងដូចគ្នា។ ក្នុងពេលថត ពួកគាត់បានលូកដៃឱបចង្កេះខ្ញុំ និងចង់ប្រកៀកស្មាខ្ញុំ ដែលកាយវិការនេះខ្ញុំមិនដែលទេ ក៏មិនចូលចិត្តដែរ ខ្ញុំទើសទាល់ណាស់ ប៉ុន្តែខ្ញុំបានត្រឹមងាគចេញ ហើយខំសើចយកចិត្តក្នុងន័យកុំអោយគាត់ខឹង ព្រោះមើលទៅវាមិនទំនងមែន។
អ្នកនាង ម៉េង កែវពេជ្ជតា និយាយាបន្តទៀតថា ក្រោយពីថតរួច ខ្ញុំក៏សំពះអរគុណ និងលាមកតុរបស់ខ្ញុំដែលមានបងៗខ្ញុំអង្គុយចាំ។ ក្រោយញ៉ាំអាហារសម្រន់ការឃ្លានបន្តិច ខ្ញុំក៏ឡើងច្រៀងជូនពរម្ចាស់ពិធី និងបានដើរត្រលប់បម្រុងមកអង្គុយតុ ស្រាប់តែភ្ញៀវដដែលដើរមករកខ្ញុំ ហើយសុំខ្ញុំថតរូបជាមួយបងប្រុសគាត់ម្តងទៀត។ ពេលនោះខ្ញុំក៏បានឆ្លើយយ៉ាងរហ័សថា ថតទៀតហើយ? តែក្រែងមុននេះថតច្រើនប៉ុស្តិ៍ដែរមែនទេបង? ខ្ញុំសូមទោសកុំថតទៀតអី ថតរួចហើយ ប៉ុណ្ណឹងបានហើយ ខ្ញុំសូមអនុញ្ញាតិហូបបាយសិនណាបង។
តារាចម្រៀងដែលនូវតែរក្សាបានប្រជាប្រិយភាពអ្នកនាង ម៉េង កែវពេជ្ជតា បានរៀបរាប់ទៀតថា ស្រាប់តែភ្ញៀវនោះគាត់ប្រែទឹកមុខខឹងភ្លាម ហើយនិយាយពាក្យបំផ្លើសប្រាប់ទៅគ្នាគាត់ថា "គេមិនថតជាមួយបងឯងទេ គេថាមុខបងឯងមិនស្អាត គេថាបងឯងមិនសមនឹងគេណ្ហើយមិនថតក៏បាន .." ។ ខ្ញុំនិងបងប្អូនម្ចាស់ពិធីឮហើយហួសចិត្តណាស់ ប៉ុន្តែពួកយើងខ្ជិលវែងឆ្ងាយ ចាត់ទុកថាគាត់ស្រវឹងទៅចុះ។
ប៉ុន្តែខ្ញុំមិនអស់ចិត្តទេ ព្រោះហេតុអីក៏គាត់កាឡៃពាក្យនៅនឹងមុខខ្ញុំទៅជារឿងផ្សេងទៅវិញ? ហើយការដែលខ្ញុំបដិសេធន៍ដូច្នេះ តើខុសដែរមែនទេ?។ លើសពីនេះតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានបន្ថែមថា ហេតុអីក៏សិទ្ធអ្នកសិល្បៈកាន់តែរួញខ្លីបែបនេះ? តើមកពីសិល្បៈគ្មានសិទ្ធឬក៏មកពីអ្នកនោះចង្អៀតចង្អល់? សោកស្តាយដែលខំឆ្លើយតបសំណូមពរប៉ុណ្ណឹងហើយ ចុងក្រោយនៅតែគេខឹងបាន.. ខ្ញុំចង់ប្រាប់ថា ខ្ញុំក៏ចេះខឹង និងចេះអន់ចិត្តដែរ។ ជាមួយគ្នានៃការលើកឡើងរបស់អ្នកនាង ម៉េង កែវពេជ្ជតា ខាងលើនេះ បានធ្វើអ្នកគាំទ្រច្រើន ធ្វើការរិះគន់មិនសំចៃមាត់លើចរិកបុគ្គលបែបនេះ៕