(កូឡុំប៊ី)៖ ការធ្វើដំណើររយៈពេលពីរម៉ោងទៅឆ្នេរសមុទ្រកូឡុំប៊ី យើងនឹងឃើញកោះតូចមួយដែលមានមនុស្សជាង ១២០០នាក់ កំពុងរស់នៅ។ ខណៈពេលដែលទីក្រុងដ៏តូចឈ្មោះ Santa Cruz del Islote មានផ្ទៃក្រឡាប៉ុនទីលានបាល់ពីរ ព្រមទាំងមានទំហំមួយភាគបួននៃទីក្រុង Manhattan សហរដ្ឋអាមេរិក។
ទោះបីជាមានកាលៈទេសៈណាក៏ដោយ ក៏ប្រជាជននៅលើកោះនេះអាចរស់នៅបានយ៉ាងសុខស្រួល ទៅតាមផ្ទៃដីដែលមានកំណត់របស់ពួកគេ ដោយនៅក្នុងនោះមានរួមទាំងសាលារៀន ហាងពីរ និងភោជនីយដ្ឋានមួយ។ មិនមានការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយស្ថេរភាពនោះទេ គឺពួកគេត្រូវប្រើប្រាសើម៉ាស៊ីនភ្លើងដើម្បីផលិតទឹកស្អាត ដែលអាចដំណើរការបានតែ ៥ម៉ោងក្នុងមួយថ្ងៃ។ ជាមួយគ្នានេះដែរ មិនមានប៉ូលិសទេ ប៉ុន្តែនៅទីនេះមិនចាំបាច់ត្រូវការប៉ូលីសនោះទេ ដោយមនុស្សនៅទីនេះ ស្គាល់គ្នាយ៉ាងច្បាស់។
កាលពី១៥០ ឆ្នាំមុន កោះនេះមិនមានមនុស្សរស់នៅច្រើនទេ វាត្រូវបានកកើតឡើងដោយសារអ្នកនេសាទនៅក្នុងតំបន់ ដោយជួនកាលអ្នកនេសាទអាចចតទូកនៅទីនេះដើម្បីសំរាក និងធ្វើជាជំរកនៅពេលមានព្យុះ។ លុះក្រោយមក អ្នកនេសាទមួយចំនួនក៏បានសាងសង់លំនៅដ្ឋានរបស់គេនៅទីនេះ ដោយត្រូវបានចាប់ផ្តើមរហូតមកតាំងពីជំនាន់ជីដូនជីតារៀងមក។ ក្រៅពីការតាំងលំនៅនៅកោះនេះហើយ ប្រជាជននៅទីនេះបាននិយាយថាពួកគេនឹងមិនផ្លាស់ពីកន្លែងសន្តិភាពនេះឡើយ បើទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ៕