(ភ្នំពេញ)៖ ក្រោយពីសារភាព និងបើកចំហរពីទំនាក់ទំនងស្នេហ៍ ជាសាធារណៈ ពីសំណាក់តារាសម្ដែងប្រុស ស្រី ល្បី២ដួង គឺលោក ខាត់ វ៉ៃហាំង និង កញ្ញា ស៊ិន យូប៊ីន រួចមក គេសង្កេតឃើញថា អ្នកទាំងពីរ កាន់តែបង្ហាញភាពស្និទ្ធស្នាល និង ផ្អែមល្ហែម ដែលទស្សនិកជន តែងតែឃើញតាមរយៈសកម្មភាពនានា ឬ រូបថតរបស់ទាំងពីររូបនេះផងដែរ។ យ៉ាងណាមិញ សម្រាប់គ្រឹស្តម៉ាស នៅក្នុងថ្ងៃទី ២៥ ឆ្នាំនេះ បុរសសង្ហា ខាត់ វ៉ៃហាំង ក៏មិនភ្លេចនឹងជូនកាដូរ ជាស្ករសូកូឡា មួយប្រអប់យ៉ាង ស្រស់ស្អាតដល់ ស៊ិន យូប៊ីន ដែលជាគូស្នេហ៍របស់លោក។
ជាការពិតណាស់ ក្នុងថ្ងៃគ្រឹស្តម៉ាសឆ្នាំនេះ តារាសម្ដែង លោក ខាត់ វ៉ៃហាំង បានជូនកាដូរ ដល់មានអត្ថន័យ ដល់ ស្រីស្អាត ស៊ិន យូប៊ីន យ៉ាងផ្អែមល្ហែម ដែលកាដូរនោះ គឺជាស្ករសូកូឡា មួយប្រអប់។ ដោយឡែក ទស្សនិកជន ជាច្រើន បានធ្វើការកត់សម្គាល់ឃើញថា នេះជាលើកដំបូង ដែលគេឃើញ ខាត់ វ៉ៃហាំង ជូនកាដូរ ស៊ិន យូប៊ីន ជាចំហរបែបនេះ ក្រោយពួកគេ ប្រកាសស្វែងយល់ចិត្តថ្លើម និងស្រលាញ់គ្នាជាចំហរ ដែលធ្វើឱ្យអ្នកគាំទ្រ ជាច្រើនសម្ដែង ការពេញចិត្តជាខ្លាំង ហើយរំពឹងថា តារាស្រីប្រុសមួយគូនេះ នឹងកាន់តែយល់ចិត្តថ្លើមគ្នា ជាពិសេសនោះ គឺកាន់តែបង្ហាញភាពផ្អែមល្ហែម ហើយឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍ ថែមទៀតផង។
បើក្រឡេកទៅមើលប្រជាប្រិយភាព របស់តារាប្រុសស្រី ពីររូបនេះវិញ បន្ទាប់ពីទទួលស្គាល់ ក៏ដូចជាប្រកាសទំនាក់ទំនង ស្នេហ៍ឲ្យអ្នកគាំទ្របានដឹងរួចមក គេសង្កេតឃើញ ស៊ិន យូប៊ីន និង ខាត់ វៃហាំង កាន់តែទទួលបានការចាប់អារម្មណ៍ និង គាំទ្រខ្លាំង មួយកម្រិតទៀត៕