(ភ្នំពេញ)៖ ពិតជាមិនធ្វើឱ្យទស្សនិកជនរងចាំយូរឡើយ ពេលនេះលោក សាន ផានិត បានបញ្ចេញស្នាដៃចម្រៀង Original មួយបទទៀតហើយ ក្រោមចំណងជើងថា «រដូវស្លឹកឈើជ្រុះ» ជាមួយនឹងអត្ថន័យចាក់ដោតយ៉ាងខ្លាំង ដល់បេះដូងបងប្អូនខ្មែរ ដែលកំពុងរស់នៅប្រទេសកូរ៉េ។ តាមរយៈការបង្ហើរសំនៀង យ៉ាងពិរោះមានទឹកដម លាយឡំជាមួយនឹងខ្លឹមសារនៃបទចម្រៀង យ៉ាងមានអត្ថន័យផងនោះ បានធ្វើឱ្យហ្វេនៗរបស់លោក សាន ផានិត នៅកូរ៉េមិនតិចនាក់នោះទេ កំពុងតែស្លុងអារម្មណ៍ នឹងចម្រៀងថ្មីមួយបទនេះ ព្រោះបានបង្ហាញពីជីវិតដ៏កំសត់ឯការ រស់នៅឃ្លាតឆ្ងាយពីផ្ទះសំបែង នឹកពុកម៉ែ បងប្អូន និងគូបណ្តូរចិត្ត នៅឯស្រុកកំណើត ខណៈខ្លួនកំពុងបំពេញការងារនៅបរទេស។

ជាការកត់សម្គាល់ បទថ្មីមានចំណងជើងថា «រដូវស្លឹកឈើជ្រុះ» នេះផងដែរ ត្រូវបានលោក សាន ផានិត ដែលជាម្ចាស់បទផ្ទាល់ បញ្ចេញមុនពេល ដែលលោកចេញទៅសម្តែង នៅទឹកដីប្រទេសកូរ៉េ ខណៈបទនេះក៏ត្រូវបានគេដឹងថា ជាចំណងដៃជាពិសេស ជូនដល់បងប្អូនខ្មែរ ដែលកំពុងរស់នៅទីនោះ។ ព្រោះទាំងអត្ថន័យ គឺពិតជាចាក់ដោត ចំបេះដូង បងប្អូនខ្មែរនៅកូរ៉េជាខ្លាំង រួមផ្សំទាំងការដាក់មនោសញ្ចេតនា ក្នុងបទចម្រៀង និងសំនៀងយ៉ាងពិរោះពីសំណាក់ លោក សាន ផានិត ផងនោះ បានធ្វើឱ្យទស្សនិកជនស្តាប់ហើយ អាចស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួន ជាពិសេសបងប្អូននៅកូរ៉េតែម្តង។

យ៉ាងណាមិញ បើគិតមកទល់នឹងពេលនេះ គឺពេលវេលាកាន់តែខិតជិតមកដល់ហើយ ដែលលោក សាន ផានិត នឹងចេញទៅបង្ហើរសំនៀង ជូនបងប្អូនខ្មែរនៅកូរ៉េ គឺលោក នឹងចេញទៅសម្តែងចាប់ពីថ្ងៃ ២៨ខែធ្នូ ដល់ថ្ងៃទី០១ ខែ មករា ខណៈបងប្អូនខ្មែរជាច្រើនកំពុងតែ ទន្ទឹងរងចាំការបង្ហាញវត្តមានរបស់លោក និងតារាផ្សេងៗទៀត ថាតើ តារាប្រុសស្រីល្បីៗមកពីកម្ពុជា នឹងមានអ្វីប្លែកៗថ្មីៗខ្លះ សម្រាប់បង្កភាពសប្បាយរីករាយ ដល់បងប្អូននៅទីនោះ៕