(ភ្នំពេញ)៖ គ្រូបង្វឹក Conor Nestor របស់ក្លឹបព្រះខ័នរាជស្វាយរៀងបានថ្លែងថា លីគកំពូលនៃកម្ពុជារដូវកាលនេះមានការប្រកួតប្រជែងគ្នាខ្លាំងជាងរដូវកាលមុនជាក់ស្ដែង វិសាខា ដែលជាក្រុមឡើងថ្មីបាននាំចូលកីឡាករល្អៗជាច្រើន ហើយសូលទីឡូអង្គរក៏មានការប្រកួតប្រជែងខ្ពស់ ប៉ុន្តែបើនិយាយពីរដូវកាលឆ្នាំ២០១៧ វិញក្រុមកំពូល និងក្រុមក្រោមៗមានគម្លាតគ្នាខ្លាំង។

អ្វីគួរឲ្យកត់សម្គាល់មួយទៀត នោះគឺក្រុមលេខ១ លេខ២ និងលេខ៣ ឆ្នាំ២០១៨ រកបានពិន្ទុច្រើនជាងរដូវកាលមុនៗទៀត។ លោក Conor Nestor គ្រូបង្គោលក្លឹបព្រះខ័នរាជស្វាយរៀង បង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា ការប្រកួតក្របខណ្ឌកំពូលកម្ពុជាប្រចាំឆ្នាំ២០១៨ កន្លងទៅហាក់មានភាពប្រកួតប្រជែងខ្លាំងជាងរដូវកាលឆ្នាំ២០១៧។

អ្វីដែលសំខាន់ផងនោះ ជាក់ស្ដែងគ្រូបង្វឹកកាន់ UEFA A-License លើកឡើងថា ទាំងក្រុមឡើងថ្មីវិសាខា និងសូលទីឡូអង្គរ មានការរៀបចំបានយ៉ាងល្អ កែប្រែមុខមាត់លីគ ហើយ១១ក្រុមក្នុងចំណោម១២អាចយកពិន្ទុពីគ្នាទៅវិញទៅមក។

សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង ទទួលបានចំណាត់ថ្នាក់លេខ៦ នៃក្របខណ្ឌលីគកំពូលកម្ពុជា និងបញ្ចប់នៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិរដូវកាលឆ្នាំ២០១៨។ លោក Conor Nestor ទទួលស្គាល់ថា នៅរដូវកាលមុន ក្រុមខ្លួនធ្វើមិនសូវបានល្អ ដូច្នេះ សមាជិកគ្រប់រូបនឹងព្យាយាមក្រសោបយកលទ្ធផលវិជ្ជមានដើម្បីអ្នកគាំទ្រ៕