(ភ្នំពេញ)៖ បន្ទាប់ពីធ្វើឱ្យទស្សនិកជន ចាប់អារម្មណ៍ជាមួយនឹងរូបថត Pre-Wedding យ៉ាងស្រស់ស្អាត ជាមួយនឹងអនាគតភរិយារួចមក ថ្មីៗនេះ តារាចម្រៀងប្រុស លោក នី រតនា បានបង្ហើរសំនៀងថ្មីមួយបទ ក្រោយចំណងជើងថា «កូនក្រមុំបងគ្រាន់តែជាមនុស្សស្រីធម្មតា»។ បទចម្រៀងថ្មីនេះ ទទួលបានការគាំទ្រ និងចូលស្តាប់យ៉ាងច្រើន ពីសំណាក់ទស្សនិកជនក្នុងបណ្តាញសង្គម ព្រោះបទនេះហាក់បីដូចជា ត្រូវនឹងសាច់រឿងរបស់តារាប្រុសសំនៀងស្រទន់ នី រតនា ផងដែរ។

ជាក់ស្តែង តាមរយៈបទថ្មីនេះ នី រតនា បានបង្ហើរនូវសំនៀងយ៉ាងស្រទន់ មានទឹកដម ពីធម្មជាតិរបស់ខ្លួន រួមនឹងខ្លឹមសារនៃបទចម្រៀងយ៉ាងមានអត្ថន័យ ចាក់ដោត ដល់បេះដូងអ្នកមានស្នេហា និងជិតចូលរោងការតែម្តង មិនត្រឹមតែចំពោះសាមីខ្លួន លោក នី រតនា នោះទេ។ ខណៈតារាប្រុសរូបនេះ ត្រូវបានប្រភពបង្ហើបថា នឹងចូលរោងជ័យជាមួយនឹងអនាគតភរិយា ដ៏ស្រស់សោភា ក្នុងឆ្នាំ២០១៩ ខាងមុខនេះ៕