(ភ្នំពេញ)៖ តារាសម្តែងស្រីកញ្ញា ពេជ្រ ចរណៃ បានធ្វើការរៀបរាប់ប្រាប់ឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះ នាងបានទទួលដំណឹងនៃការធ្លាក់ខ្លួនឈឺរបស់លោកគ្រូ ប្រាក់ សារួន តាមរយៈការផ្តល់ព័ត៌មានពីក្រុមគ្រួសាររបស់គាត់។បន្ទាប់ពីទទួលបានដំណឹងបែបនេះ ភ្លាមៗនោះនាងក៏មានអារម្មណ៍ស្លុតចិត្តខ្លាំងដោយថា លោកគ្រូ ប្រាក់ សារួន គឺបុគ្គលរៀមច្បងចាស់ទុំមួយរូប ដែលមានសមត្ថភាពសិល្បៈ និងមានចរឹកឮពារស្លុតបូតគួរឲ្យគោរពខ្លាំង។

តារាស្រីរូបនេះបានបញ្ជាក់ទៀតថា គ្រាដែលទទួលបានព័ត៌មានខាងលើនេះនាងក៏បានធ្វើការ Live វីដេអូ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដើម្បីធ្វើការអំពាវនាវស្វែងរកការជួយឧបត្ថម្ភថវិកាពីសប្បុរសជន ជួយសម្រួលដល់ការធ្វើដំណើរចេញទៅព្យាបាលជំងឺឯប្រទេសថៃ ដែលដំបូងឡើងនឹងស្មានតែតម្រូវឲ្យធ្វើមានការវះកាត់ ព្យាបាលជំងឺគ្រួសក្នុងប្រម៉ាត់និងរលាកថ្លើម។ប៉ុន្តែក្រោយពេលដែលទៅដល់ទីនោះពិនិត្យឃើញថា ជំងឺរបស់លោក គ្រូ ប្រាក់ សារួន មិនមានអ្វីគួរឲ្យបារម្ភ ឬតម្រូវលើការវះកាត់នោះទេ ពោលគឺអាចព្យាបាលបានតាមរយៈការលេបថ្នាំ។

កញ្ញា ពេជ្រ ចរណៃ បាននិយាយបន្តថា ទន្ទឹមគ្នាដែលនាងទទួលបានដំណឹងអំពីស្ថានភាពរបស់លោកគ្រូ ប្រាក់ សារួន ដូច្នេះគឺ​មានអារម្មណ៍សប្បាយចិត្តឡើងវិញ។ ម្យ៉ាងទៀតនាងក៏អរគុណចំពោះទឹកចិត្តសប្បុរសជនមួយចំនួន ដែលបានចូលរួមផ្ញើសារសួរនាំពីស្ថានភាពជំងឺនិង ខ្លះទៀតថែមទាំងបរិច្ចាគថវិការផ្ទាល់ខ្លួន ដើម្បីជួយសម្រួលការព្យាបាលជំងឺរបស់លោកគ្រូ ប្រាក់ សារួន ផងដែរ។

សូមបញ្ជាក់ថា តារាជើងចាស់លោកគ្រូ ប្រាក់ សារួន កន្លងមកមានទស្សនិកជនជាច្រើនបានស្គាល់ និងគាំទ្រ តាមរយៈការបង្ហាញវត្តមានសម្តែងខ្សែភាពយន្តរបស់ខ្មែរមួយចំនួន ដោយក្នុងនោះលោកគ្រូ ប្រាក់ សារួន ក៏ធ្លាប់ជាតួអង្គសម្តែងដ៏សំខាន់នៅក្នុងខ្សែភាពយន្តបុរាណខ្មែរគឺរឿង «ហ្លួងព្រះស្តេចកន» ទៀតផង៕