(ភ្នំពេញ)៖ ជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់ទស្សនិកជន ខណៈដែល តារាចម្រៀង អ្នកនាងអ្នកនាង គង់ សុកញ្ញា ហៅ អេនជី បានបង្ហាញ ដ៏ដូចជាបង្ហើរសំនៀង សារជាថ្មី ក្នុងសិល្បៈ ក្រោយពីសំងំសាងគ្រួសារជាមួយនឹងស្វាមី ដែលត្រូវបានគេស្គាល់ថា ជាប្អូនប្រុសម្ចាស់ហាងលក់សម្លៀកបំពាក់ «រ៉ាយុទ្ធ» យ៉ាងមានក្ដីសុខ។ ក្នុងនោះផងដែរ ចំពោះការវិលត្រឡប់ មកប្រឡូកក្នុងសិល្បៈលើកនេះ អ្នកនាង អេនជី បាននាំយកបទថ្មី មួយបទ ដែលមានចំណងជើងថា «អូនរង់ចាំបង» ពិតជាពិរោះខ្លាំងណាស់ ហើយអ្វីដែលពិសេសនោះគឺ បទថ្មីនេះ គឺជាស្នាដៃនិពន្ធទំនុកច្រៀងផ្ទាល់របស់អ្នកនាង ថែមទៀតផង។
ជាការពិត ថ្មីៗនេះ អេនជី បានចេញ បទចម្រៀងថ្មី ដែលមានចំណងជើងថា «អូនរង់ចាំបង» ពិតជាមានបង្កប់នូវអត្ថន័យ និងមានការបកស្រាយ ពិរោះមិនធម្មតា។ ជាមួយនឹងបទថ្មីរបស់ អេនជី ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកគាំទ្រ ខណៈដែលបទនេះ គ្រាន់តែចេញ មិនទាន់បានប៉ុន្មានផង ក៏មានការចូលស្តាប់ យ៉ាងច្រើនគួរ ឲ្យកត់សម្គាល់ ពីសំណាក់មហាជន អ្នកគាំទ្រផងដែរ។
ដោយឡែក បើក្រឡេកទៅមើលជីវិតរស់នៅរបស់តារាស្រីរូប អ្នកនាង អេនជី ពេលនេះ កំពុងរស់នៅក្នុងគ្រួសារដ៏សុភមង្គល ជាមួយស្វាមីក្នុងជីវភាពហ៊ឺហា និង ជំនួញពេញដៃ ប៉ុន្តែយ៉ាងណារហូតមកដល់ ពេលនេះ នាងមិនទាន់មានកូនប្រលែង លេងនៅឡើយទេ។
គួរបញ្ជាក់ផងដែរថា អ្នកនាង អេនជី ជាតារាចម្រៀងស្រី ល្បីឈ្មោះមួយដួង ដែលមានប្រជាប្រិយភាព និងមានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន តាមរយៈការបង្ហើរសំនៀង យ៉ាងស្រទន់ និងមានទឹកដម ។ យ៉ាងណាមិញ ចំពោះការវិលត្រឡប់ ចូលសិល្បៈវិញលើកនេះ ពីសំណាក់តារាចម្រៀងអ្នកនាង អេនជី ពិតជា ធ្វើអោយអ្នកគាំទ្រជាច្រើនរបស់អ្នកនាង សប្បាយចិត្តយ៉ាងខ្លាំង៕