(ភ្នំពេញ)៖ ក្រោយពីតារាកំប្លែងជើងចាស់ ដែលធ្លាប់នាំសំណើចជូនទស្សនិកជន សើចសប្បាយរីករាយ នាយក្តឹប បានធ្លាក់ខ្លួនឈឺធ្ងន់ រហូតដៃជើងខាងឆ្វេងរបស់លោក លែងកំរើកបាន ដែលហៅថា ស្លាប់មួយចំហៀងខ្លួន ដោយសារជំងឺលើសឈាមធ្ងន់ធ្ងរ កាលពីកំឡុងខែវិច្ឆិកាកន្លងទៅ បើគិតមកដល់បច្ចុប្បន្ន សុខភាពរបស់លោកហាក់គ្រាន់បើ និងធូរស្រាលបន្តិចហើយ ប៉ុន្តែរាងកាយរបស់លោកមានសភាពទ្រុឌទ្រោមជាខ្លាំង ពោលគឺផ្លាស់ប្ដូរពីមានសាច់ទ្រលុកទ្រលន់ មកជាស្គមស្គាំងដូចមនុស្សឈឺរាប់ឆ្នាំ។
ជាមួយគ្នានេះផងដែរ បើតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា « San Sok Panha » បានរៀបរាប់ភ្ជាប់ក្នុងវីដេអូ ពេលទៅដល់គេហដ្ឋានតារាកំប្លែងរូបនេះ ទាំងស្លុតចិត្តថា «ពិតជាលឿនមែនទែន មិនគួរឲ្យជឿថា រូបរាងរបស់នាយក្តិប ប្រែប្រួលលឿន ដូចអ្នកជំងឺឈឺរាប់ឆ្នាំចឹងទេ»។ ជាមួយគ្នានេះ ម្ចាស់គណនីហ្វេសប៊ុក ដដែល ក៏បានធ្វើការសាកសួរខ្លះៗជាមួយ នាយក្តឹប និងភរិយា ថា ពេលនេះតារាកំប្លែងខាងលើអាចអង្គុយ និងនិយាយបានខ្លះៗហើយ។
យ៉ាងណាមិញ ខណៈបានឃើញនូវសភាពទ្រុឌទ្រោមខ្លាំង កើតចំពោះតារាកំប្លែងនាយក្តិបដូចនេះ បណ្តាអ្នកលេងបណ្ដាញសង្គមក៏បានចូលរួមជូនពរ ឲ្យលោកឆាប់ជាពីជំងឺឆាប់ៗផងដែរ។
គួរបញ្ជាក់ថា តារាកំប្លែងនាយក្ដឹប បានធ្លាប់ខ្លួនឈឺធ្ងន់ធ្ងរ ខណៈដែលខ្លួនប្រាណរបស់លោក មិនអាចកម្រើកបានមួយចំហៀង កាលពីមួយរយៈកន្លងទៅ យ៉ាងណាមិញ បច្ចុប្បន្ន នាយក្ដឹបត្រូវបានគេដឹងថា លោកមានសភាពធូរស្រាលបន្តិចហើយ ក្រោយពីបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ កាល់ម៉ែត្រ និងប្រទេសវៀតណាម ប៉ុន្តែរាងកាយលោក ហាក់មានសភាពស្គមរីងរៃ ប្លែកពីមុនខ្លាំង៕