(ភ្នំពេញ)៖ លោក ហុក សុចិត្រា អ្នកចាត់ការក្លឹបបាល់ទាត់វិសាខាអះអាងថា ការនាំចូលកីឡាករល្អៗច្រើនត្រៀមរដូវកាលឆ្នាំ២០១៩ នេះ ដើម្បីបង្កើតឲ្យការប្រកួតប្រជែងខ្ពស់ក្នុងក្លឹបរបស់លោក និងមានជម្រើសច្រើន។

សម្រាប់លោក ហុក សុចិត្រា បានបន្ថែមទៀតផងដែរថា ក្លឹបរបស់លោកអាចនឹងបិទបញ្ជីកីឡាករក្នុងស្រុកត្រឹម ២៧នាក់នេះ ហើយបច្ចុប្បន្នក៏កំពុងចរចានឹងកីឡាករបរទេសដែលអាចមានកូរ៉េខាងជើង៤រូប និងជនជាតិដទៃទៀតមួយរូបដែរ។

អតីតខ្សែប្រយុទ្ធជម្រើសជាតិពន្យល់បែបនេះ «ពាក់ព័ន្ធជាមួយនឹងកីឡាករមួយក្រុម បើយើងយកបានតែ១១នាក់១២នាក់ ១៣នាក់អត់បានទេ យើងចង់បាន២៥នាក់ដែលមានគុណភាពស្មើគ្នាដើម្បីឲ្យមានការប្រកួតប្រជែងខ្ពស់ក្នុងក្រុម ធ្វើម៉េចឲ្យគណៈគ្រប់គ្រងពិបាកជ្រើសរើស។ អ្វីដែលសំខាន់នោះ គឺពួកយើងត្រូវប្រកួតរយៈពេលវែង។ យើងមិនប្រាកដថា កីឡាករ១១នាក់ដំបូងលេងរហូតទេ។ ពួកគាត់ត្រូវការសម្រាក ពេលខ្លះក៏មានរបួស។ អ៊ីចឹងកីឡាករទាំងអស់ត្រូវមានសមត្ថភាពខ្ពស់។ អ៊ីចឹងបើក្លឹបយើងមានបញ្ហា តើមាននរណាជំនួស»

គួរដឹងទៀតថា អ្នកដឹកនាំក្រុមលំដាប់ទី៣ ក្របខណ្ឌលីគកំពូល សង្កត់ធ្ងន់ថា ក្លឹបចង់មានកីឡាករមួយក្រុមដែលមានគុណភាពល្អស្មើៗគ្នា មិនមែនជ្រើសតែអ្នកលេងល្អត្រឹម១១នាក់ប៉ុណ្ណោះទេ ព្រោះត្រូវបង្ការសម្រាប់ការប្រកួតយ៉ាងច្រើនទៀត។

អ្វីដែលសំខាន់បន្ថែមទៀតនោះ ក្នុងការត្រៀមរដូវកាលថ្មីឆ្នាំ២០១៩ វិសាខា បាននាំចូលកីឡាករក្នុងស្រុកថ្មីចំនួន១២នាក់ ដែលមានភ្នំពេញក្រោន៥រូប យុវជនសាលាបាល់ទាត់ជាតិបាទី៥រូប និងណាហ្គាវើល ២រូបផងដែរ៕