(ប៉ារីស)៖ លោក Antero Henrique នាយកគ្រប់គ្រងផ្នែកកីឡារបស់ Paris Saint-Germain (PSG) បានបញ្ជាក់ថាកីឡាករខ្សែម្រើការពារ Adrien Rabiot អាចនឹងមិនបន្តកិច្ចសន្យាថ្មីជាមួយក្លឹបនោះទេ ស្របកីឡាកររូបនេះនឹងផុតកិច្ចសន្យានារដូវក្តៅខាងមុខ ដូច្នេះរូបគាត់នឹងមានសុពលភាពចុះកិច្ចសន្យាទុកជាមុនជាមួយក្លឹបដទៃចាប់ពីខែមករា ឆ្នាំ២០១៩ ជាពេលទីផ្សារដោះដូរកីឡាករ។
បច្ចុប្បន្នបុរសវ័យ ២៣ឆ្នាំ សញ្ជាតិបារាំងរូបនេះកំពុងតែជាគោលដៅរបស់ក្លឹបអ៊ីតាលី Juventus និង Inter Milan និងក្លឹបអេស្ប៉ាញ FC Barcelona ខណៈ Tottenham Hotspur និង Liverpool ដែលស្ថិតនៅក្នុងក្របខណ្ឌ Premier League ក៏បានរៀបចំឯកសារសម្រាប់ការនាំយករូបគេផងដែរ។
លោក Henrique បានប្រាប់ថា «វាគឺជាការសម្រេចចិត្តរបស់កីឡាករ ហើយក្លឹបក៏បានពិភាក្សាជាមួយរូបគេផ្ទាល់ដែរ ខណៈកាលពីប៉ុន្មានខែមុន យើងទទួលបានការពិភាក្សាដ៏វិជ្ជមានមួយជាមួយនឹងតំណាងរបស់គាត់ ដែលធានាបានថាគាត់នឹងបន្តរួមរស់ជាមួយក្លឹបដោយចុះកិច្ចសន្យាថ្មី។ យើងទទួលស្គាល់អំពីស្ថានភាពកីឡាករដែលផ្សាភ្ជាប់ទៅនឹងទីលានប្រកួត ហើយយើងក៏បានពិភាក្សាជាមួយគាត់ទាក់ទងទៅនឹងបញ្ហានេះដែរ ប៉ុន្តែជាអកុសលការពិភាក្សាក៏ត្រូវបានផ្អាក ហើយឥរិយាបថបែបនេះ បានបង្ហាញពីភាពខ្វះការគោរពមកកាន់ក្លឹប និងអ្នកគាំទ្រដែលរូបគេជាថ្នាលយុវជនរបស់យើង»។
គួរបញ្ជាក់ថា បើកីឡាករ Adrien Rabiot ចាកចេញពី PSG ពិតមែន នោះរូបគេនឹងចាកចេញដោយគ្មានតម្លែខ្លួនណាមួយនៅចុងបញ្ចប់រដូវកាល គ្រាដែល Spurs និង Liverpool ក៏បានទាក់ទងមកនាពេលថ្មីៗនេះ ខណៈ PSG នឹងពិចារណាការលក់នាខែមករា៕