(សុខភាព)៖ ពិតណាស់ថា ភាពចាស់ជរាកើតឡើងទៅតាមធម្មជាតិ ប៉ុន្តែអត្រាចុះខ្សោយ ឬភាពចាស់ជរារបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ។ លោកអ្នកអាចធ្វើការសង្កេតទៅលើបុគ្គលពីរនាក់ដែលមានអាយុ ៦០ ឆ្នាំដូចគ្នា។ បុគ្គលទី១ មើលទៅចាស់ទ្រុធទ្រោម ពិការ និងមិនអាចពឹងខ្លួនឯងបាន ចំនែកបុគ្គលម្នាក់ទៀតបែរជានៅមានកម្លាំងមាំមួន ដូចទើបតែមានអាយុ ៥០ឆ្នាំ ហើយគាត់អាចធ្វើការបានធម្មតាដូចគេឯងដូច្នោះដែរ។ នេះជាការបង្ហាញថា ប្រាកដជាមានមូលហេតុអ្វីម្យ៉ាង ទើបបានធ្វើឲ្យបុគ្គលម្នាក់ៗឆាប់ចាស់ដូច្នេះ។

កត្តាទាំងនោះមានដូចខាងក្រោម៖

១. លក្ខណៈតំណពូជ៖ សំដៅលើលក្ខណៈដែលកំណត់ពីឪពុកម្តាយហើយផ្ទេរបន្តមកឲ្យកូនចៅ។ នៅក្នុងគ្រួសារនីមួយៗ អាចមានលក្ខណៈដោយឡែកៗ ដែលមើលទៅចាស់ខ្លាំង ឬចាស់តិចជាងគ្នា ដូចជាពណ៌សក់ ទម្រង់មុខ ស្បែកជាដើម។ កត្តាទាំងនេះ យើងមិនអាចកែប្រែអ្វីបានឡើយ ព្រោះវាបានកំណត់តាំងពីកំណើតរួចមកហើយ។

២. ការទម្លាប់តាំងពីក្មេង និងវ័យជំទង់៖ ដូចជាការទទួលទានអាហារបានត្រឹមត្រូវ ការហាត់ប្រាណ ឬការប្រើប្រាស់សារជាតិពុលផ្សេងៗដូចជា បារី ស្រា ថ្នាំញៀន ជាដើម តែកត្តាទាំងនេះអាចកែលម្អ និងផ្លាស់ប្តូរបាន។

៣. ជំងឺដង្កាត់ផ្សេងៗ៖ មានចំណែកធ្វើឲ្យអវៈយវៈផ្សេងៗចុះអន់ខ្សោយ ជាពិសេសជំងឺរុំារ៉ៃ និងជំងឺជ្រៀតជ្រែកជាច្រើនទៀតដូចជាជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមជាដើម។ ករណីនេះបើយើងដឹងតាំងពីដំបូងថា មានជំងឺនេះ ហើយខិតខំព្យាបាល និងថែរក្សាសុខភាពឲ្យបានល្អនោះ វាអាចជួយបង្អាក់ភាពចុះខ្សោយដែលបម្រុងនឹងកើតឡើងបានខ្លះ។

ដូច្នេះប្រសិនបើចង់មានជីវិតរស់នៅស្រស់បំព្រង នាពេលចូលដល់វ័យជរា លោកអ្នកគួរតែចាប់អារម្មណ៍ការពារកែលម្អលើកត្តាផ្សេងៗ ដែលបង្កឲ្យរាងកាយចុះខ្សោយចាប់តាំងពីនៅក្មេង។ ទោះអ្នកមានអាយុច្រើននក៏ដោយការថែរក្សាសុខភាពឲ្យបានល្អ និងជួយឲ្យសារពាង្គកាយរឹងមាំ មានសមត្ថភាពដែលជាគោលជំហររឹងមាំក្នុងគ្រួសារ ដោយមិនចាំបាច់ដាក់បន្ទុកដល់អ្នកដទៃ។

តើអ្វីទៅជំងឺទុក្ខកង្វល់ ឬ Depression?

ទុក្ខកង្វល់ជាជំងឺផ្លូវចិត្តម្យ៉ាង។ អ្នកដែលធ្លាប់ចូលក្នុងសភាពបែបនេះតែងមានអារម្មណ៍ថាខ្លួនគ្មានសេចក្តីសុខ ក្រៀមក្រំ ធុញទ្រាន់ មួហ្មង គ្មានកម្លាំង ចិត្តស្ទុះស្ទា ផ្តាច់ពីសង្គម ចូលចិត្តនៅស្ងប់ស្ងាត់តែម្នាក់ឯង មានអារម្មណ៍អស់សង្ឃឹម បាក់ទឹកចិត្ត សម្លឹងមើលជីវិតខ្លួនហាក់គ្មានតម្លៃ គិតថាខ្លួនជាបន្ទុកដល់អ្នកដទៃ ប្រសិនបើមានអាការៈធ្ងន់ធ្ងរជាងនេះ អាចនឹងមិនចង់រស់ ហើយគិតចង់ធ្វើអត្តឃាតជាដើម។

មនុស្សចាស់ គឺជាវ័យចុងក្រោយនៃជីវិតដែលមានការប្រែប្រួលជាខ្លាំង ទាំងផ្នែករាងកាយ ចិត្តគំនិត សង្គម និងបរិយាកាស។ ដូច្នេះទុកកង្វល់ផ្សេងៗដែលកើតមានអាចប៉ះពាល់ដល់គុណភាពជីវិតរបស់ពួកគាត់ ព្រមទាំងសាច់ញាតិដែលនៅមើលថែផងដែរ។

មនុស្សចាស់ដែលកំពុងមានជំងឺដង្កាត់ គឺសុខភាពរាងកាយទន់ខ្សោយណាស់ ប្រសិនបើបណ្តោយឲ្យសេចក្តីទុក្ខនៃក្តអារម្មណ៍ជ្រៀតចូលទៀតនោះ វានឹងរឹតតែធ្វើឲ្យជំងឺរបស់គាត់ធ្ងន់ធ្ងរឡើង ឬអាចទៅជាធ្វើបានខ្លួនឯង។ យោងតាមព័ត៌មានដែលលើកឡើង​អំពីអត្រាសម្លាប់ខ្លួនរបស់មនុស្សចាស់ ឃើញថា មាន ៩០ភាគរយ បណ្តាលមកពីទុក្ខកង្វល់ទាំងនេះឯង៕