(នីយ៉ុង)៖ ក្រុមបាល់ទាត់បិសាចក្រហម Manchester United នឹងត្រូវតតាំងជាមួយក្រុមអ្នកមានបារាំង Paris Saint-Germain (PSG) ក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Champions League រដូវកាលឆ្នាំ២០១៨-២០១៩ ស្របពេល ៣ក្រុមផ្សេងទៀតរបស់អង់គ្លេស ត្រូវជួបក្រុមទាំង៣របស់អាល្លឺម៉ង់។

ក្នុងពិធីចាប់គូប្រកួតដែលត្រូវបានធ្វើឡើងនារាត្រីថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុង Nyon ប្រទេសស្វីស Man Utd ត្រូវស្វាគមន៍ PSG សម្រាប់ជើងទី១ ដែលនឹងធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ ស្របពេលលោក Jurgen Klopp ត្រូវធ្វើដំណើរទៅត្រឡង់ទៅអាល្លឺម៉ង់ក្នុងនាមដឹកនាំ Liverpool ប៉ះ Bayern Munich ខណៈ Manchester City ប៉ះ Schalke និង Tottenham Hotspur ត្រូវជួបក្រុម Borussia Dortmund។

យ៉ាងណាក៏ដោយ ក្រុមការពារតំណែងជើងឯក Real Madrid ត្រូវបានចាប់ឆ្នោតប៉ះក្រុមហូឡង់ Ajax Amsterdam និង FC Barcelona ត្រូវប៉ះក្រុមបារាំង Lyon និងក្រុមអេស្ប៉ាញមួយទៀត Atletico Madrid ប៉ះក្រុមជើងឯកអ៊ីតាលី Juventus និង Roma ប៉ះក្រុមព័រទុយហ្គាល់ FC Porto៕