(ភ្នំពេញ)៖ ​អ្នក​ផលិត​កម្មវិធី​ទម្រង់​​សិល្បៈ​វប្បធម៌​នៅ​ទូរទស្សន៍​អប្សរា​ និង ​ជា​អ្នក​ឌីហ្សាញ​ឈុត​បុរាណ​ខ្មែរ​ លោក នូ សុផេង កាលពីពេលថ្មីៗនេះ បានចាកចេញទៅប្រទេសជប៉ុន អស់រយៈពេលជាច្រើនថ្ងៃ ដើម្បីផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីជាតិ និង ទម្រង់សិល្បៈ ក៏ដូចជាយក រឿង «ទុំទាវ» ទៅឲ្យនិស្សិតខ្មែរ និងនិស្សិត បរទេស សម្ដែង នៅ ក្នុង ព្រឹត្តិការណ៍ Cambodian Week International នៅប្រទេសជប៉ុន។

លោក នូ សុផេន បង្ហាញពីលទ្ធផលជោគជ័យ ជាពិសេសក្នុងពេលដែលនិស្សិតបរទេស មកពីជាង៤០ប្រទេស ក៍បានចូលរួមសម្ដែងសិល្បៈខ្មែរ ដែលធ្វើឲ្យព្រឹត្តិការណ៍ Cambodian Week មានសិល្បៈរស់រវើកក្នុងពេលសម្ដែងជូនមហាជន។

លោក នូ សុផេន បានថ្លែង បន្ទាប់ពីចុះពីលើយន្តហោះមកថា លោកទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងការបង្ហាញជូននូវទម្រង់សិល្បៈ បន្ទាប់ពីនិស្សិតខ្មែរទទួលអាហារូបករណ៍ នៅក្នុងប្រទេសជប៉ុនមួយក្រុម បានធានាឲ្យលោកចេញទៅរៀបចំទម្រង់វប្បធម៌ ដើម្បីបង្កើតជាព្រឹត្តិការណ៍ Cambodian Week ប្រចាំឆ្នាំ។

លោកបញ្ជាក់ថា «ជាទូទៅ ដោយសារតែ សកលវិទ្យាល័យអាស៊ីប៉ាស៊ីហ្វីក ជាសកលវិទ្យាល័យអន្ដរជាតិ ដូច្នេះដើម្បីរំលេចស្នាដៃ នៅក្នុង សប្ដាហ៍វប្បធម៌លើទឹកដីប្រទេសជប៉ុន យើងបានរៀបចំរឿង «ទុំទាវ» ដែលជាប្រភេទរឿងអក្សរសិល្ប៍ខ្មែរ ប៉ុន្តែយើងប្រើប្រាស់ភាសា សកល គឺភាសាអង់គ្លេស ដើម្បីផ្សព្វផ្សាយឲ្យមហាជននៅលើពិភពលោក បានដឹង ព្រោះប្រសិនបើយើងប្រើប្រាស់ភាសាខ្មែរ ជនបរទេសស្ដាប់មិនបាននោះទេ។ សម្រាប់អ្នកសម្ដែង មានចម្រុះជាតិសាសន៍ដែលជានិស្សិតសិក្សានៅសកលវិទ្យាល័យប៉ាស៊ីហ្វីក គឺ មានរហូតដល់ទៅ ៤៩ រូប ដែលបានចូលរួមសម្ដែងឈុតឆាករឿង ទុំទាវ ក៏ដូចជារបាំ និង សិល្បៈប្រពៃណីខ្មែរផ្សេងៗគ្នា ក្នុងនោះកម្ពុជា ដែលចូលរួមសម្ដែង មានតែ ៨ រូប តែប៉ុណ្ណោះ ក្រៅពីនោះ ជានិស្សិតនៅប្រទេសផ្សេងៗ»

សូមជម្រាបថា សកលវិទ្យាល័យអាស៊ីប៉ាស៊ីហ្វីក ដែលមាន ១០០ ប្រទេស ជានិស្សិតសិក្សានៅទីនោះ គឺតម្រូវឲ្យនិស្សិតតាមសញ្ជាតិនិមួយៗ ដែលសិក្សានៅសកលវិទ្យាល័យអាស៊ីប៉ាស៊ីហ្វីក រៀបចំកម្មវិធី មួយ ដើម្បីបង្ហាញពីវប្បធម៌ ប្រទេសរបស់ខ្លួន។ នៅក្នុងនោះ ប្រទេសកម្ពុជា មាននិស្សិត ដែលជាប់អាហារូបករណ៍សិក្សានៅទីនោះ ចំនួន ១២ នាក់ បានអញ្ជើញឲ្យលោក នូ សុផេង និងក្រុមការងារ ដើម្បីផលិតក​ម្មវិធី «Cambodian week» ដើម្បីបង្ហាញពី សិល្បៈ វប្បធម៌ ប្រពៃណីជាតិ រួមមានទាំង របាំ ចម្រៀងជាតិ ម្ហូបអាហារ ល្បែងកម្សាន្ត ចម្រៀង និង ទម្រង់សិល្បៈបុរាណ ផ្សេងទៀត៕