(មីយ៉ាន់ម៉ា)៖ ការប្រកួតកីឡានិស្សិតសាកលវិទ្យាល័យអាស៊ាន ASEAN University Games លើកទី១៩ នៅទីក្រុង Nay Pyitaw ប្រទេសមីយ៉ាន់ម៉ា បានដំណើរការប្រកួតអស់រយៈពេល ១សប្ដាហ៍មកហើយ ស្របពេលក្រុមកីឡាករ-កីឡាការិនីនិស្សិតកម្ពុជា ដណ្ដើមបានមេដាយចំនួន ១០គ្រឿងហើយ បើគិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨។

សម្រាប់ប្រកួតបើកឆាកលើប្រភេទកីឡាហែលទឹក និងកីឡាអត្តពលកម្ម អត្ដពលិកកម្ពុជា ធ្វើមិនបានល្អនោះទេ តែចូលដល់ការប្រកួតប្រភេទកីឡាមានសក្ដានុពល ដូចជាវ៉ូវីណាម ប៉េតង់ និងវាយកូនឃ្លីលើតុជាដើម កម្ពុជាបានទទួលមេដាយជាបន្ដបន្ទាប់ ជាក់ស្ដែងពេលនេះ កីឡាវ៉ូវីណាម ដណ្ដើមបានមេដាយ ៦គ្រឿងរួចមកហើយ រួមមានមេដាយមាស ២, ប្រាក់ ១ និងសំរឹទ្ធ ៣។

ចំណែកកីឡាប៉េតង់ កីឡាករ-កីឡាការិនីកម្ពុជា ដណ្ដើមបានមេដាយប្រាក់ ២ និងសំរឹទ្ធ ១ ខណៈកីឡាវាយកូនឃ្លីលើតុ ដណ្ដើមបានមេដាយប្រាក់ ១ លើវិញ្ញាសាឯកត្តជនបុរស។ យ៉ាងណាមិញការប្រកួតមិនទាន់បញ្ចប់នោះទេ ដោយនឹងបន្ដរហូតដល់ថ្ងៃទី១៩ ខែធ្នូខាងមុខ ទើបព្រឹត្តិការណ៍កីឡានិស្សិតប្រចាំតំបន់នេះចប់ជាផ្លូវការ តែបើការបញ្ជាក់របស់ប្រតិភូកីឡាកម្ពុជា កម្ពុជានៅមានសង្ឃឹមដណ្ដើមមេដាយជាបន្ដទៀត៕