(ភ្នំពេញ)៖ ក្លឹបបាល់ទាត់វិសាខា បានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយទៀត ក្រៅពីបង្ហាញសមាសភាពកីឡាករចំណូលថ្មី ត្រៀមរដូវកាលឆ្នាំ២០១៩ កាលពីយប់មិញ ពួកគេក៏បានប្រកាសផ្លាស់ប្ដូរប្រធានក្លឹបថ្មីផងដែរ ដោយលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងស្ថាបនិកក្លឹប បានសម្រេចផ្ទេរតំណែងប្រធានក្លឹបនេះ ទៅឲ្យភរិយារបស់លោក គឺលោកជំទាវ កែ សួនសុភី ហើយ។

ដូច្នេះវិសាខា គឺជាក្លឹបបាល់ទាត់ នៃលីគកំពូលកម្ពុជាទី២ ហើយ ដែលមានប្រធានក្លឹបជាស្ដ្រី បន្ទាប់ពីក្លឹបបឹងកេត ដែលបានតែងតាំងលោកស្រី ពុធ ធីតា ធ្វើជាប្រធានក្លឹបកាលពីពាក់កណ្ដាលឆ្នាំ២០១៨។ ការផ្ទេរតំណែងប្រធានក្លឹបទៅឲ្យភរិយានេះ ត្រូវបានលោក ស សុខា អះអាងថា ដោយសារលោកមានពេលវេលាមិនគ្រប់គ្រាន់ក្នុងការដឹកនាំក្លឹប ប៉ុន្ដែលោកនឹងឆ្លៀតពេលមក និងជំរុញការអភិវឌ្ឍន៍ក្លឹបនេះជានិច្ច។

គួរបញ្ជាក់ថា វិសាខាបានចាប់ផ្ដើមក្នុងឆ្នាំ២០១៧ ដោយផ្ដើមពីការលេងក្របខណ្ឌលីគលំដាប់ទី២ និងដណ្ដើមបានជើងឯកក្នុងឆ្នាំនោះតែម្ដង មុនឡើងមកលេងលីគកំពូលកម្ពុជា ក្នុងរដូវកាលឆ្នាំ២០១៨ ហើយថែមទាំងទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម ១២ក្លឹបទៀតផង។ បន្ទាប់ពីធ្វើការផ្លាស់ប្ដូរ និងនាំចូលកីឡាករថ្មីៗជាច្រើន វិសាខា បានដាក់ក្ដីរំពឹងកាន់តែខ្ពស់ សម្រាប់រដូវកាលថ្មី ឆ្នាំ២០១៩ខាងមុខ នឹងធ្វើឲ្យបានកាន់តែល្អប្រសើរថែមទៀត៕