(ក្រុងឡុងដ៍)៖ កីឡាករជើងខ្លាំងអង់គ្លេស Anthony Joshua មានបំណងវាយដណ្តើមខ្សែក្រវាត់ប្រភេទទម្ងន់ធ្ងន់ WBC heavyweight champions ពីជើងខ្លាំងអាមេរិក Deontay Wilder នៅថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០១៩ នាកីឡដ្ឋាន Wembley តែបើតាមអ្នកសម្របសម្រួលនៅរង់ចាំការឆ្លើយតបរបស់កីឡាករ Wilder ជាមុនសិន។

ជើងខ្លាំងទម្ងន់ធ្ងន់ វ័យ ២៩ឆ្នាំ Anthony ជាម្ចាស់ខ្សែក្រវាត់ IBF, WBO និង WBA បានប្រាប់សារព័ត៌មាន ESPN ថានឹងកំពុងតែរង់ចាំការប្រកួតមកដល់យ៉ាងខ្លាំង គ្រាដែលរូបគេកំពុងតែកាន់កាប់​ក្នុងកំណត់ត្រាដ៏អស្ចារ្យមួយ ខណៈរូបគេធ្លាប់ប្រកួតបាន ២២ដង ក្នុងនោះផ្តួលដៃគូឲ្យសន្លប់បាន ២១ដង។

សម្រាប់កីឡាករអាមេរិក Wilder នៅមិនទាន់បញ្ជាក់អំពីការប្រកួតនៅឡើយទេ បើទោះជាអ្នកសម្របសម្រួលមកពីចក្រភពអង់គ្លេស បានទាក់ទងទៅក៏ដោយ គ្រាដែលកីឡាករ Anthony បានបង្ហើប ថា នេះជាការប្រកួតដែលអាចឲ្យដឹងថា អ្នកណាជាម្ចាស់នៅលើសង្វៀនដ៏អស្ចារ្យមួយនេះ។

កីឡាករវ័យ ៣៣ឆ្នាំ Wilder ម្ចាស់ខ្សែក្រវាត់ WBC heavyweight champions ដែលដណ្តើមបានពីកីឡាករ Bermane Stiverne កាលពីឆ្នាំ២០១៥ ធ្លាប់ប្រកួតបាន ៤១ដង ឈ្នះ៤០ដង ស្មើ ១ដង និងផ្តួលដៃគូឲ្យសន្លប់បាន ៣៩ដង និងជាម្ចាស់មេដាយក្នុងការប្រកួតកីឡាអូឡាំពិករដូវក្តៅ នៅប្រទេសចិន ក្នុងឆ្នាំ២០០៨ ទៀតផង៕