(ភ្នំពេញ)៖ តារាសម្តែងប្រុសលោក អ៊ឹម ជីវ៉ា បានប្រទះនឹងបញ្ហាដ៏ធំមួយ ដោយជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត នៅស្រុកស្រែអបិល អំឡុងពេលធ្វើដំណើរ ទៅចូលរួមពិធីបុណ្យសមុទ្រ នៅខេត្តកោះកុង។ ហេតុការណ៍នេះ បណ្តាលឱ្យមនុស្សម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និងអ្នករួមដំណើរផ្សេងទៀតបានរងរបួស រួមទាំងលោក អ៊ឹម ជីវ៉ា ផងដែរ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ។

ហ្វេសប៊ុករបស់ លោក អ៊ឹម ជីវ៉ា បានបង្ហោះសារមួយចំនួនមានខ្លឹមសារយ៉ាងដូច្នេះថា «បងប្អូនអើយ ពេលនេះខ្ញុំមានបញ្ហាធំហើយ ឡានខ្ញុំជួបញ្ហាគ្រោះថ្នាក់ចររាចរណ៍ក្រឡាប់ឡាន នៅស្រុកស្រែអំបិល ពេលធ្វើដំណើរទៅចូលរួមបុណ្យសមុទ្រ នៅខេត្តកោះកុង បណ្តាលឱ្យមានមនុស្សស្លាប់ម្នាក់ តែខ្ញុំបាទ និងក្រុមការងារ៤នាក់ទៀតមិនអីទេ លើកទី១ហើយ ខ្ញុំជួបរឿងរន្ធត់បែបនេះ ព្រះអើយជួយខ្ញុំផង ខ្ញុំមានឡានតែមួយគ្រឿងហ្នឹងទេ ទុកសម្រាប់ទៅណាមកណាពេលនេះ ជាពិសេសកម្មវិធីសិល្បៈ ពេលនេះចប់ហើយ»

យ៉ាងណាមិញ តាមរយៈសារខាងលើនេះ លោក អ៊ឹម ជីវ៉ា មិនត្រឹមតែប្រាប់ទស្សនិកជនឱ្យដឹងថា លោកបានជួបគ្រោះថ្នាក់ចរាចរណ៍នោះទេ ថែមទាំងបង្ហាញពីការសោកស្តាយខ្លាំង ក្នុងការបាត់បង់រថយន្តផ្ទាល់ខ្លួនទៀតផង ព្រោះបើតាមរូបភាពបង្ហាញថា រថយន្តរបស់លោកខូចខាតស្ទើរតែទាំងស្រុងទៅហើយ៕