(ភ្នំពេញ)៖ កញ្ញា រឿន ស៊ីណាត ដែលជាបេក្ខនារីតំណាងកម្ពុជា ក្នុងកម្មវិធី «Miss Universe» បានបញ្ចេញសកម្មភាពយ៉ាងលេចធ្លោ ជាមួយនឹងឈុតសម្លៀកបំពាក់គ្រប់ទម្រង់។ អ្វីដែលសំខាន់ កាលពីយប់មិញ​នេះ ​ឮជា​កម្មវិធី​ដើរ​បង្ហាញ​ម៉ូដ​ ក្នុង​ព្រឹត្តការណ៍​ប្រកួត​សម្រស់ Miss Universe 2018 ដែល​មាន​ឈុត​រាត្រីសមោសរ និង​ឈុត​ហែល​ទឹក បង្ហាញដោយ​បេក្ខនារីមកពីជាង ៩០ប្រទេស លើពិភពលោក ។ ក្នុងនោះ គេសង្កេតឃើញបវកញ្ញា​ចក្រវាល​តំណាងឲ្យកម្ពុជា កញ្ញា រឿន ណាត ធ្វើ​បាន​ល្អ​បំផុតទាំង​កាយ​វិការ និង​ទឹក​មុខ​នៅ​លើ​ឆាក​ដ៏​ធំ ប្រកបដោយភាពជឿជាក់បំផុតកាលពីយប់មិញនេះ។

ជាការពិត បវរកញ្ញា រឿន ណាត បានបង្ហាញ​ខ្លួនយ៉ាងមានទំនុកចិត្ត ប្រកបដោយភាពជឿជាក់ជាមួយនឹងស្នាមញញឹមផុសចេញពីបេះដូង ធ្វើឲ្យកញ្ញា រឿន ណាត កាន់តែលេចធ្លោ។ ជាមួយគ្នានេះ រឿន ណាត បានបង្ហាញ​ខ្លួន​ចំនួន ៣ដង ជាមួយនឹងឈុតសម្លៀកបំពាក់ផ្សេងៗគ្នា ដោយក្នុង​ឈុតដំបូង ​គឺការណែនាំ​ខ្លួន និងឈ្មោះ​ប្រទេសកម្ពុជា ឈុត​ទី២ គឺ​ឈុត​ហែល​ទឹក​យ៉ាង​សិច​ស៊ី និងឈុត​ទី៣ នោះគឺជា​ឈុត​រាត្រីសមោសរ​ផងដែរ។

យ៉ាងណាមិញ ជាមួយនឹងការបង្ហាញខ្លួន និងបោះជំហានដើរ​ប្រកប​ដោយ​ភាព​ជឿជាក់ ព្រមទាំងស្វាហាប់ក្នុង​ទឹក​មុខពោរពេញដោយ​ញញឹម​ស្រស់ស្រាយ កាន់តែធ្វើ​ឲ្យ​អ្នក​គាំទ្រកម្ពុជា​រំភើបចិត្ត និង​កោត​សរសើរ​ដល់​បវកញ្ញាកម្ពុជា កញ្ញា រឿន ណាត យ៉ាងខ្លាំង។​

គួរបញ្ជាក់ថា កាលពីយប់មិញនេះ គឺជាវគ្គប្រកួតបឋម សម្រាប់​បេ​ក្ខ​នារី​តំណាង​ប្រទេស​ជុំវិញ​ពិភពលោក​បង្ហាញខ្លួន ខណៈដែលរាត្រី​គ្រង​មកុដក្នុងកម្មវិធី Miss Universe 2018 គឺធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូនេះហើយ៕