(កូរ៉េ)៖ ថ្មីៗនេះក្រុមអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឥណ្ឌូនេស៊ីបានហាមឃាត់ការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ ដែលសម្តែងដោយក្រុម Blackpink។ កាលពីថ្ងៃពុធ ភ្នាក់ងារសារព័ត៌មានបារាំងបានរាយការណ៍ថា គណៈកម្មការផ្សព្វផ្សាយឥណ្ឌូនេស៊ីបានបញ្ជាឲ្យស្ថានីយទូរទស្សន៍ក្នុងស្រុកចំនួន ១១ បិទការផ្សាយពាណិជ្ជកម្មដោយចាត់ទុកថា មិនសមរម្យ និងរំលោភសីលធម៌របស់ប្រទេសកាន់សាសនាម៉ូស្លីម។
ការផ្សាយពាណិជ្ជកម្ម ៣០វិនាទី ក្រោមចំណងជើងថា "Shopee Road to 12.12 Sale Birthday" បានបង្ហាញពីការច្រៀងរាំរបស់សមាជិក Blackpink ដើម្បីផ្សព្វផ្សាយផលិតផល Shopee ដែលជាអ្នកចែកចាយតាមអនឡាញ។ មនុស្សជាងមួយសែននាក់បានចុះហត្ថលេខាលើញត្តិមួយ អំពាវនាវឲ្យបញ្ឈប់ការផ្សាយពាណិជ្ជកម្មនេះ ដោយលើកឡើងថាវាមិនសមរម្យ។ ប្រធានគណៈកម្មការ លោក Hardly Stefano ចេញសេចក្តីថ្លែងការណ៍ថា «ក្រុមហ៊ុនត្រូវប្រយ័ត្ននៅពេលពួកគេបង្កើតពាណិជ្ជកម្មមិនផ្សាភ្ជាប់ជាមួយនឹងអ្វីមួយ ដែលប្រជាជនឥណ្ឌូនេស៊ីមើលឃើញថាអវិជ្ជមាន»។
ប៉ុន្តែបម្រាមនេះក៏បណ្តាលឲ្យមានប្រតិកម្មពីក្រុមអ្នកគាំទ្រ Blackpink ផងដែរ គឺពេលនេះមនុស្សប្រមាណ ៨១,៤៣៤នាក់ ក៏បានចុះហត្ថលេខាលើពាក្យបណ្តឹងគាំទ្រការផ្សព្វផ្សាយ ដោយពួកគេនិយាយថា ការហាមឃាត់នេះគឺគួរឲ្យអស់សំណើច និងចង្អៀតចង្អល់៕