(ភ្នំពេញ)៖​ សហព័ន្ធកីឡាចំបាប់កម្ពុជា បាននឹងកំពុងរៀបចំយុទ្ធសាស្ដ្រ ក្នុងការប្រកួតប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន នាឆ្នាំ២០១៩ខាងមុខ ដោយសហព័ន្ធ នៅតែមានជំនឿចិត្តខ្ពស់ក្នុងការរក្សាភាពខ្លាំង ក្នុងការដណ្ដើមមេដាយជូនជាតិ ទោះស៊ីហ្គេម ២លើកចុងក្រោយគ្មានវត្តមានប្រភេទកីឡាចំបាប់ក៏ដោយ។

លោក Cassey Barnet អនុប្រធានសហព័ន្ធ បានបញ្ជាក់ កាលពីពេលថ្មីៗថា សហព័ន្ធ បាននឹងកំពុងធ្វើការតវ៉ាជាមួយម្ចាស់ផ្ទះហ្វីលីពីន ដើម្បីបន្ថែមវិញ្ញាសាទម្ងន់ធ្ងន់ ក្នុងស៊ីហ្គេម ឆ្នាំក្រោយ ហើយបើសិនការស្នើរបស់កម្ពុជា ទទួលបានជោគជ័យ ចំបាប់កម្ពុជា នឹងកាន់តែមានភាពជឿជាក់បន្ថែមទៀត ក្នុងការស្វែងរកមេដាយ។ តែយ៉ាងណាសហព័ន្ធ ក៏នឹងផ្ដល់ឱកាសដល់យុវជនច្រើនដែរ ដើម្បីសម្រួចទិសដៅស៊ីហ្គេម ឆ្នាំ២០២៣។

គួរបញ្ជាក់ថា កីឡាចំបាប់ បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ស៊ីហ្គេមចុងក្រោយ ក្នុងឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា ដោយដណ្ដើមបានមេដាយច្រើនជាងគេជូនជាតិ គឺមានមេដាយមាស ៤, ប្រាក់ ១ និងសំរឹទ្ធ ៤។ តែគួរឲ្យស្ដាយស៊ីហ្គេម ២លើកចុងក្រោយ គឺឆ្នាំ២០១៥ នៅសិង្ហបុរី និងឆ្នាំ២០១៧ នៅម៉ាឡេស៊ី ម្ចាស់ផ្ទះមិនបានដាក់ រហូតដល់ស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន ដែលគ្រោងប្រកួតពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ទើបកីឡាចំបាប់មានវត្តមានជាថ្មី ក្រោយការសម្រេចរបស់ម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកាលពីថ្មីៗ៕