(ភ្នំពេញ)៖ ក្មេងប្រុស ដែលមានដើមកំណើតនៅទឹកដីអង្គរ ខេត្តសៀមរាប គឺកុមារ៉ា ធុន សាលិ និងប្អូនប្រុស មិនត្រឹមតែធ្វើឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ កោតសរសើរសមត្ថភាពរបស់ពួកគេនោះទេ សូម្បីតែបណ្តាប្រព័ន្ធផ្សព្ធផ្សាយបរទេសល្បីៗមួយចំនួន ក៏បានចាប់អារម្មណ៍ខ្លាំង នឹងទេពកោសល្យរបស់ពួកគេដែរ។ យ៉ាងណាមិញថ្មីៗនេះ ក្មេងប្រុស សាលិ និងក្រុមគ្រួសារ បានធ្វើដំណើរកំសាន្តទៅប្រទេសថៃ ក៏ស្រាប់តែពិធីការិនី និងក្រុមការងារទូរទស្សន៍របស់ជប៉ុន TV asahi តាមស្កាត់សម្ភាសន៍ផ្ទាល់តែម្តង ខណៈសកម្មភាពនេះបានបង្ហាញថា ពេលនេះ សាលិ និងប្អូនប្រុស ពិតជាមានប្រជាប្រិយភាពមិនធម្មតាឡើយ។

ជាការកត់សម្គាល់ បន្ទាប់ពីគ្រប់គ្នាបានស្គាល់ និងដឹងពីសមត្ថភាពដ៏អស្ចារ្យរបស់កុមារ៉ា សាលិ និងប្អូនប្រុសហើយនោះ មានសប្បុរសជនជាច្រើនបានផ្តល់ជំនួយដល់ពួកគេ ជាហូរហែរ ដោយក្នុងនោះមានទាំងការឧបត្ថមសម្រាប់ការសិក្សារៀនសូត្រ ឧបត្ថមជាថវិកា និងសម្ភារៈប្រើប្រាស់ជាដើម។

គួរជម្រាបថា កុមារ៉ា សាលិ និងប្អូនប្រុស​ ត្រូវបានគេដឹងថា ពួកគេមានរបរលក់វត្ថុអនុស្សាវរីយ៍ឱ្យភ្ញៀវទេសចរណ៍ ដែលមកកំសាន្តនៅទឹកដីអង្គរ។ លើសពីនេះ ដោយសារតែប្រឈមនឹងអថិតិជនច្រើនជាតិសាសន៍ ធ្វើឱ្យពួកគេអាចនិយាយបានជាង ១០ភាសា ដោយសមត្ថភាពធ្វើឱ្យគ្រប់គ្នាកោតសរសើរមិនដាច់ពីមាត់ផងដែរ៕