(ភ្នំពេញ)៖ ជាប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា អំឡុងពេលដែលឱកាសនៃពិធីឆ្លងឆ្នាំសកល២០១៨ ចូល ២០១៩ កៀកឈានចូលមកដល់ឆាប់ៗខាងនេះ នាងក៏បានចេញសារអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ត្រូវប្រុងប្រយ័ត្នឬគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ពស់បំផុត។

អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះភ្ជាប់ជាមួយឃ្លីបវីដេអូបទចម្រៀង ច្រៀងដោយតារាស្រីក្រមិចក្រមើមអ្នកនាង ទូច ស្រីល័ក្ខ ដែលមានអត្ថន័យអប់រំ និងបង្កប់ការឈឺចាប់ជុំវិញបញ្ហានៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យបាត់បង់ឪពុកម្តាយ បងប្អូន ឬសាច់ញាតិផងដែរ។

លើសពីនេះទៅទៀតតារាសម្តែងចាស់វស្សាអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានសរសេរជាសារអំពាវនាវដែរថា មុនឆ្លងឆ្នាំនាងខ្ញុំសុំផុសរម្លឹកបងប្អូនអោយប្រយ័ត្នប្រយែងទាំងអស់គ្នា។ អរគុណអូន Jenny Outver ដែលបានផលិតបទនេះ ដើម្បីបង្ហាញពីភាពឈឺចាប់នៃការបាត់បង់មនុស្សជាទីស្រលាញ់ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានេះអ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់ទៀតថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺជារឿងដ៏រសើបសម្រាប់សង្គមខ្មែរបច្ចុប្បន្ន ព្រោះគេបានចាត់ទុកករណីមួយនេះ ជាឃាតករសម្លាប់មនុស្សលាក់មុខដ៏គួឲ្យខ្លាចបំផុត ដែលពលរដ្ឋខ្មែរគ្រប់រូបមិនអាចមើលឃើញ ចាប់បាន ឬអាចដឹងច្បាស់មុនថា វាអាចនឹងកើតឡើងមកលើខ្លួនយើងនៅពេលណាមួយនោះទេ។

តារាស្រីអ្នកនាងចន ច័ន្ទលក្ខិណា បានបន្ថែមថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺវាអាចនឹងកើតឡើងលើបងប្អូនគ្រប់ពេលវេលា ឬនាទីទាំងអស់ ប្រសិនបើគ្មានការប្រុងប្រ័ត្នឬគោរពច្បាប់ចរាចរណ៍។ដូច្នេះជាការក្រើនរម្លឹង នាងសូមផ្ញើសារមួយនេះដល់បងប្អូនខ្មែរទូទាំងប្រទេស ត្រូវតែចូលរួមគោរព និងប្រុងប្រយ័ត្នឲ្យបានល្អបំផុត លើបញ្ហានៃគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលនេះ ឬថ្ងៃខាងមុខ៕