(ភ្នំពេញ)៖ សឿត បារាំង ចូលហ្វឹកហាត់នៅថ្នាលយុវជនក្លឹបភ្នំពេញក្រោន ឆ្នាំ២០១១ និង ធ្លាប់ជាប់ជម្រើសជាតិអាយុក្រោម១៣ឆ្នាំ មុនវិវឌ្ឍខ្លួនចូលក្រុមកម្ពុជា នៅឆ្នាំ ២០១៦ U១៩ ក្នុងព្រឹត្តិការណ៍ AFF U១៩ Championship នៅវៀតណាម។ ហើយរូបគេជាកីឡាករវ័យក្មេងម្នាក់ ដែលត្រូវបាន អតីតគ្រូបង្វឹកជម្រើសជាតិ លោក Leonardo Vitorino កោះហៅចូលក្នុងក្រុមនាដើមឆ្នាំ ២០១៧ ក្នុងវគ្គចែកពូល AFC Asian Cup។

សម្រាប់ខ្សែការពារវ័យក្មេង សឿត បារាំង របស់ភ្នំពេញក្រោន បានបង្ហើបអំពីទស្សនៈផ្ទាល់ខ្លួន ក្រោយជាពីរបួស ១០០% និងចូលហ្វឹកហាត់ជាមួយគ្រូបង្វឹកថ្មី Leonardo Vitorino ថា ការហ្វឹកហាត់ជាមួយអតីតគ្រូបង្វឹកជម្រើសជាតិ គឺមានលំហាត់ និង ចំណុចពិសេសជាច្រើន។

អ្វីដែលសំខានផងនោះ ទោះមិនបានលម្អិតចំណុចពិសេសដែលខ្លួនបានទទួល ប៉ុន្តែ បារាំង បញ្ជាក់បន្ទាប់ពីបានហ្វឹកហាត់ជាគ្រូបង្គោលថ្មីបានមួយរយៈយ៉ាងដូច្នេះ៖ «សម្រាប់ក្រុមយើងមើលឃើញថា ការលេងជាក្រុមបានល្អ យល់ចិត្តគ្នា និងបច្ចេកទេសល្អ ដែលគ្រូបង្វឹកផ្ដល់ឲ្យ»។ ខ្សែការពារវ័យ ១៩ ឆ្នាំរូបនេះបន្តថា ខ្លួននិងមិត្តរួមក្រុមទទួលបានបទពិសោធន៍ រួមទាំងការយល់ដឹងច្រើនអំពីស្ទិលលេងរបស់អតីតគ្រូបង្វឹក Lanexang United ហើយសមាជិកទាំងអស់មានភាពជឿជាក់លើកការដឹកនាំរបស់លោក។

គួរបញ្ជាក់ផងដែរថា ការថ្លែងបែបនេះ បន្ទាប់ពី ភ្នំពេញក្រោន តែងតាំងគ្រូបង្វឹកសញ្ជាតិប្រេស៊ីល Leonardo កាលចុងខែ តុលា ដើម្បីដឹកនាំក្រុមត្រៀមប្រជែងជើងឯកក្នុងស្រុក នារដូវកាលថ្មីឆ្នាំ ២០១៩ ខាងមុខនេះ៕