(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីមានការបែកធ្លាយវីដេអូមួយ ចេញពីការប្រកួតកម្មវិធី Miss Universe ដែលមានអ្នកគាំទ្ររបស់កម្មវិធីក្នុងស្រុកបានលើកឡើងថា បវរកញ្ញា​តំណាង​ប្រទេសអាមេរិកបាន​និយាយ​ពាក់ព័ន្ធនឹងបវរកញ្ញា​កម្ពុជា កញ្ញា រឿន ណាត ថា ​មិនអាចនិយាយ​ភាសា​អង់គ្លេសបាននោះទេ។ យ៉ាងណាមិញឆ្លើយតបទៅនឹងការយល់ច្រឡំរបស់ទស្សនិកជន កញ្ញា រឿន ណាត បានចេញមុខបកស្រាយ ព្រមទាំងសំណូមពរឲ្យអ្នកគាំទ្ររបស់នាង កុំឲ្យមានការយល់ច្រឡំទៅលើបេក្ខនារីទាំងនោះ ពោលគឺពួកគេមានទំនាក់ទំនងល្អជាមួយគ្នារហូតមក។

បើតាមការឲ្យដឹងពីម្ចាស់គណនីហ្វេសប៊ុកមួយ ឈ្មោះថា Romyr Libo-on បានសរសេរជាភាសាអង់គ្លេស ដែលបកប្រែជាភាសាខ្មែរមានន័យថា «សូមផ្ញើដល់អ្នកគាំទ្រកម្មវិធី Miss Universe ជាទីស្រឡាញ់ ពួកយើងបានផ្ដល់ក្ដីស្រឡាញ់ឲ្យគ្នាទៅវិញទៅមក ហើយពួកយើងមិនចង់ឲ្យមានការយល់ច្រឡំ ក៏ដូចជាមានការបំផ្លាញនូវទំនាក់ទំនងអនុស្សាវរីយ៍ល្អៗរបស់ពួកគេនោះទេ ហើយនេះក៏ជាការចងចាំដ៏ល្អរបស់ពួកគេផងដែរ»

យ៉ាងណាមិញ នៅពេលថតរូបទុកជាអនុស្សាវរីយ៍ គេសម្គាល់ឃើញថា បវរកញ្ញាឯក រឿន ណាត ពិតជាបានទទួលការស្វាគមន៍ ទំនាក់ទំនងយ៉ាងល្អជាមួយនឹងបវរកញ្ញា Miss Universe តំបន់ដទៃទៀត ដោយបានបង្ហាញកាយវិការឱប ផ្ដល់ការសាមគ្គីគ្នាយ៉ាងល្អ។

សូមបញ្ជាក់ថា កញ្ញា រឿន ណាត និង​បេក្ខនារី​តំណាង​ប្រទេស​ផ្សេង​ទៀត បច្ចុប្បន្នកំពុង​ស្ថិត​នៅ​ប្រទេស​ថៃ ដើម្បី​ចូលរួមបង្ហាញសមត្ថភាពក្នុងកម្មវធី Miss Universe ២០១៨៕