(ភ្នំពេញ)៖ តារាចម្រៀងប្រុសល្បីឈ្មោះប្រចាំទ្រនំ ហង្សមាស លោក ណុប បាយ៉ារិទ្ធ កើតក្តីហ្មងសៅ ក្តៅចិត្ត ខណៈ​មាន​ មនុស្សឆ្លៀត​ឱកាសបានក្លែងបន្លំឈ្មោះរបស់លោក ទៅបង្កើតគណនីហ្វេសប៊ុក យកទៅ​ផ្សព្វ​ផ្សាយលក់ដីឡូត៍ ​លើបណ្តាញ​សង្គមហ្វេសប៊ុក ដែលបានទាញប្រយោជ​ន៍​ពីឈ្មោះ​របស់លោក​ច្រើនខែឆ្នាំ ទោះបី​ជាតារាសចម្រៀងប្រុសរូបនេះ ប្រឹង​ប្រាប់ទៅម្ចាស់​គណនីហ្វេស​ប៊ុក​ក្លែងក្លាយ ឲ្យបញ្ឈប់សកម្មភាពនោះក៏ដោយ។

យ៉ាងណាមិញ ដោយទ្រាំមិនបាននឹងទង្វើ​គឃ្លើនរបស់មនុស្សគ្មានឧត្តមគតិនោះ ដែលបានក្លែងឈ្មោះលោកយកទៅផ្សព្វផ្សាយលក់ដីឡូត៍បែបនេះ លោក ណុប បាយ៉ារិទ្ធ ក៏បានប្រកាសនៅលើគណនីហ្វេសប៊ុកផ្លូវការ ដែលលោកប្រើប្រាស់សព្វថ្ងៃ កាលពីព្រឹក​មិញច្បាស់ៗថា «សូមបញ្ជាក់ថា អាខោននេះ មិនមែនជាអាខោនពិតរបស់ខ្ញុំទេ ហើយខ្ញុំក៏បានប្រាប់ទៅម្ចាស់អាខោនក្លែងក្លាយហ្នឹងដែរ ថាមេត្តាឈប់យកឈ្មោះខ្ញុំទៅពាក់ព័ន្ធនឹងការរកស៊ីរបស់គាត់ទៀត តែគាត់នៅតែមិនស្តាប់។ ដូច្នេះ សូមបងប្អូនកុំមានការយល់ច្រលំ ខ្ញុំអត់មានទំនាក់ទំនងអីនឹងអាខោនមួយនេះ ឬម្ចាស់មុខរបរនេះទេ មុនសម្រេចចិត្តធ្វើអ្វីមួយសូមធ្វើការពិចារណា»

គួរបញ្ជាក់ថា គណនីហ្វេសប៊ុកដែលបានក្លែងបន្លំយកឈ្មោះលោក ណុប បាយ៉ារិទ្ធ ទៅផ្សព្វផ្សាយលក់ដីឡូត៍នោះ មានឈ្មោះថា «ណុប បាយ៉ារិទ្ធ» ខណៈដែលឈ្មោះហ្វេសប៊ុកពិតប្រាកដ ដែលតារាចម្រៀងប្រុសនៅផលិតកម្មហង្សមាសរូបនេះ ដែលកំពុងនឹងប្រើប្រាស់ផ្លូវការរាល់ថ្ងៃ​ មានឈ្មោះថា «Bayyareth Nop»៕