(ភ្នំពេញ)៖ ក្រោយពីប្រកាសខ្លួនចូលសិល្បៈជាថ្មី មហាជនសង្កេតឃើញថា សន្ទុះទីផ្សារសិល្បៈរបស់ រៀម ច័ន្ទបូរមី ហាក់មានការអំណោចផលល្អ។ តែយ៉ាងណា បើងាកមករឿងឯកជនរបស់នាងវិញ នៅតែក្លាយជាមន្ទិលសង្ស័យរបស់ទស្សនិជន ព្រោះមួយរយៈដែលនាងបាត់ខ្លួនពីវិស័យសិល្បៈ មានការសង្ស័យថា នាងបានសាងស្នេហ៍ជាមួយមន្ត្រីគយម្នាក់។ យ៉ាងណាមិញ ដើម្បីឱ្យទស្សនិកជនជ្រាប់កាន់តែច្បាស់ពីរឿងទាំងនេះ រៀម ច័ន្ទបូរមី នឹងចូលខ្លួនមកបង្ហាញក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

គេចាំបានថា តារាសម្តែងស្រីសម្តីផ្អែម កញ្ញា រៀម ច័ន្ទបរមី បានដាក់ខ្លួនចូលប្រឡូកសិល្បៈកាលពីអំឡុងឆ្នាំ២០០៩។ អាជីពសិល្បៈរបស់ ច័ន្ទបរមី កាលនោះ គឺទទួលបានការគាំទ្រច្រើន ជាមួយនឹងការសម្តែងក្នុងខ្សែភាពយន្តខ្នាតធំ និងខ្សែភាពយន្តខ្លីបែបអប់រំជាដើម។

ជាមួយគ្នានេះមួយរយៈមុនតារាសម្តែងស្ថិតក្នុងវ័យ ២៦ឆ្នាំ រៀម ច័ន្ទបូរមី បានប្រកាសជាបើកចំហរថា ខ្លួនមានកូនប្រុសមួយរូប មានវ័យប្រមាណជិត ១០ឆ្នាំ។ ទោះយ៉ាងណា នាងមិនបានបង្ហាញមុខស្វាមីនោះទេ ដែលធ្វើឱ្យទស្សនិកជនមានចម្ងល់ថា តើនរណាជាឪពុករបស់កូនប្រុសគួរឱ្យស្រឡាញ់ម្នាក់នោះ។

ដូច្នេះដើម្បីបកស្រាយនូវចម្ងល់ខាងលើនេះ អ្នកនាង រៀម ច័ន្ទបូរមី នឹងចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ដើម្បីជាការបញ្ជាក់ឱ្យច្បាស់ដល់ទស្សនិកជន។ កម្មវិធីនេះ «អាថ៌កំបាំងក្រៅឆាករបស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និងទូរទស្សន៍ខ្សែកាប​ នៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងដដែល៕