(ភ្នំពេញ)៖ គ្រាន់តែប្រកាសចូលវិថីសិល្បៈភ្លាម ប្រជាប្រិយភាពរបស់ សុវត្ថិ មុន្នីវណ្ណ ហាក់មានសន្ទុះគាំទ្រពីទស្សនិកជនយ៉ាងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ខណៈទេពកោសល្យផ្នែកសិល្បៈរបស់តារាប្រុសរូបនេះ គឺត្រូវបានទស្សនិកជនទាំងក្នុងនិងក្រៅស្រុកទទួលស្គាល់ ដោយសាររូបគេមិនត្រឹមតែមានសំឡេងពិរោះប៉ុណ្ណោះទេ ថែមទាំងមានភាពរួសរាយរាក់ទាក់ និងសម្រស់ស្រស់សង្ហាផងនោះ។ អ្វីដែលជាការកត់សម្គាល់ ថ្មីៗនេះលោកបានបង្ហោះវីដេអូដ៏ខ្លីមួយ ជាមួយនឹងការបង្ហើរសំនៀងក្នុងបទបរទេសមួយឃ្លា ដែលមានអ្នកចូលទស្សនាជាង ១០ម៉ឺននាក់ ទៅហើយលើបណ្តាញសង្គម។

ជាមួយនឹងការមានសន្ទុះខ្លាំងផ្នែកសិល្បៈនេះផងដែរ ធ្វើឱ្យលោក សុវត្ថិ មុន្នីវណ្ណ កាន់តែមានអ្នកគាំទ្រច្រើន និងមានទីផ្សារសិល្បៈស្ទើររកពេលទំនេរគ្មានផងដែរ។ ព្រោះជានិច្ចកាល រាល់កម្មវិធីសិល្បៈតូចធំនានា គេតែងតែឃើញវត្តមានលោក និងប្អូនៗទាំងពីរ គឺ សុវត្ថិ មុន្នីនាគ និង សុវត្ថិ សេរីវុឌ្ឍ ចូលរួមមិនដែរខាន ដោយមានការអមដំណើរ និងការទទួលស្វាគមន៍យ៉ាងកុះករពីយុវវ័យទៀតផង។

ងាកមកការបកស្រាយចម្រៀងបរទេសមួយឃ្លានេះវិញ គឺស្ដាប់ទៅពិតជាពិរោះខ្លាំងណាស់ ពិសេសនោះគឺលោកចេះលេងទឹកមុខដាក់អ្នកទស្សនាទៀតផង ធ្វើឱ្យគ្រប់គ្នាដែលមើលហើយ សឹងតែលង់ស្រលាញ់លោកគ្រប់គ្នាតែម្តង។

តោះ!​ ចង់ជ្រាបកាន់តែច្បាស់ មកទស្សនាវីដេអូខាងក្រោមដូចតទៅ៖