(ភ្នំពេញ)៖ ជារឿងមួយដ៏គួរឲ្យចាប់អារម្មណ៍ ខណៈដែលកន្លងមកមហាជនជាច្រើន ជាពិសេសមិត្តៗយុវវ័យតែងតែជំរុញ ក៏ដូចជាចាប់គូឱ្យតារាប្រុស-ស្រីល្បីៗពីររូប គឺកញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វ៉ៃហាំង បង្កើតចំណងស្នេហាពិតប្រាកដរវាងគ្នានឹងគ្នា ប៉ុន្ដែពួកគេទាំងពីរតែងតែប្រកែកជារឿយៗ ដោយឡែកស្រាប់តែថ្មីៗនេះ ស៊ីន យូប៊ីន បានទម្លាយ និងសារភាពត្រង់ៗ ដោយខ្លួនឯងផ្ទាល់ថា នាងបានផ្អែកស្មាដៃគូរបស់នាង លោក ខាត់ វ៉ៃហាំង អស់រយៈពេល ៥ឆ្នាំហើយ ធ្វើឲ្យប្រិយមិត្ត ទស្សនិកជន ចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈសព្វមួយដង នាងមិនដែលបង្ហាញពីទំនាក់ទំនង រវាងនាង និងលោក ខាត់ វៃហាំង នោះទេ បើទោះបីជាអ្នកគាំទ្រតែងតែចាប់គូឲ្យស្រលាញ់គ្នា ជាគូស្នេហ៍ពិតប្រាកដយ៉ាងណាក្ដី។
ជាការពិត តារាសម្ដែងស្រី ស្រស់ស្អាត កញ្ញា ស៊ីន យូប៊ីន បានរៀបរាប់ថា «៥ឆ្នាំ នៅលើវិថីមួយនេះ ដើរឆ្លងរឿងក្តៅ រឿងត្រជាក់ជាច្រើន… ចុងក្រោយនៅតែជាស្មាដ៏រឹងមាំមួយនេះ ដែលតែងតែឱ្យខ្ញុំផ្អែកមិនថា ពេលមានទុក្ខឬសុខ ។ អរគុណដែលទ្រាំជាមួយកប៉ាល់ភ្លើងមួយនេះបានយូរយ៉ាងនេះ ហិហិហិ»។ ក្នុងនោះស្រាប់តែបុរសសង្ហា ខាត់ វ៉ៃហាំង បានចែករំលែក (Share) ក៏ដូចជាសរសេររៀបរាប់បន្ថែមយ៉ាងដូច្នេះថា «អរគុណដែលផ្តល់ឱកាស និងតួនាទី ក៏ដូចជាវិនាទីដ៏៏មានន័យសម្រាប់ជីវិតបុរសធម្មតាម្នាក់នេះ…!»។
យ៉ាងណាមិញ តាមរយៈសំណេរដ៏ផ្អែមល្ហែមហាក់ដូចជាគូស្នេហ៍ពីសំណាក់តារាប្រុសស្រីទាំងពីររូបនេះ បានធ្វើឲ្យទស្សនិកជនអ្នកលេងបណ្ដាញសង្គម នាំគ្នាសម្ដែងអារម្មណ៍រំភើបជំនួសពួកគេយ៉ាងខ្លាំង ពេលបានឃើញទិដ្ឋភាពដ៏ផ្អែមល្ហែម និងមានអត្ថន័យរបស់សិល្បករ-ការិនីវ័យក្មេងមួយគូនេះ បង្ហាញដាក់គ្នា៕