(ភ្នំពេញ)៖ អតីតកីឡាករចាំទីនៃក្លឹបបឹងកេតអែហ្វស៊ី ស៊ូ យ៉ាទី បានរៀបរាប់ថា បញ្ហារបួសប្រេះឆ្អឹងដៃរបស់គេ ជាសះស្បើយបាន ៨០% ហើយ និង ១ខែទៀត គេអាចហ្វឹកហាត់ចាប់តិចៗបានផងដែរ។

រាល់ថ្ងៃគេតែងតែហាត់ Gym និងលេងបាល់ទាត់ដោយជើងនៅលើទីលាន ទោះមិនអាចហ្វឹកហាត់ចាប់បានក៏ដោយ។ ទោះជាបែបនេះក្ដី យ៉ាទី ថានឹងអាចជួយណាហ្គាវើល ដែលមានភារកិច្ចលេងពាន AFC Cup នាចុងខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ ពោលរង់ចាំការតាមដានរបួសសិន ប៉ុន្តែអ្វីដែលច្បាស់ការ គឺរបួសបានធូរស្រាលច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

គួររំលឹកផងដែរថា របួសប្រេះឆ្អឹងដៃនេះ បានកើតឡើងពេលប្រកួតបិទរដូវកាលឆ្នាំ២០១៨ ពេលណាហ្គា ប៉ះក្រុមចំណូលថ្មីវិសាខាកាលខែ កញ្ញាកន្លងទៅ និងធ្វើឲ្យរូបគេមិនអាចជួយក្រុមជម្រើសជាតិកម្ពុជា លេងពានរង្វាន់ AFF Suzuki Cup។

អ្នកចាំទីដៃទី១ របស់កម្ពុជា ស៊ូ យ៉ាទី ធ្លាប់ជួយក្រុមការពារជាតិ ឈ្នះពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១០, ជួយភ្នំពេញក្រោន ឈ្នះពានលីគកំពូលឆ្នាំ២០១៤ ជួយបឹងកេតអែហ្វស៊ី ឈ្នះពានលីគកំពូល ឆ្នាំ២០១៦ និងឆ្នាំ២០១៧ និងចុងក្រោយរួមចំណែកជួយណាហ្គាវើល ឈ្នះពានលីគកំពូលកម្ពុជា ឆ្នាំ២០១៨៕