(ភ្នំពេញ)៖​ អតីតម្ចាស់ពាន «Cambodian Idol» រដូវការទី១ លោក នី ​រតនា កាល​ពី​ថ្ងៃ​ទី២៧ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ បានភ្ជាប់ពាក្យជាមួយនារីដ៏​ស្រស់​ស្អាតម្នាក់ ឈ្មោះ កញ្ញា ហេង សុវណ្ណភក្ដិណា ជាកូន​ស្រី​អ្នក​ជំនួញ​ធំ​ដុំ​មួយ អមដោយការចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ព្រមទាំងពាក្យជូនពរជាច្រើន ដល់គូស្នេហ៍ទាំង២ នេះឲ្យស្រឡាញ់គ្នាជារៀងរហូត។

បន្ទាប់ពីភ្ជាប់ពាក្យរួច គេសង្កេតឃើញថា លោក​ នី​ រនា​ និងគូដណ្ដឹង តែងតែបង្ហាញភាពផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមក និងមានដំណើរកម្សាន្តជាក្រុមគ្រួសារផងដែរ។ ជាក់ស្ដែងថ្មីៗនេះ តាមរយៈហ្វេសប៊ុកផ្លូវការរបស់លោកនី​ រតនា​ បានបង្ហោះនូវសារមួយឃ្លា​ ដោយភ្ជាប់រូបថតជាច្រើនសន្លឹក​ ដោយសរសេរថា «ពេលវេលាដ៏សំខាន់សម្រាប់ជីវិត នឹងមកដល់ក្នុងពេលឆាប់ៗនេះ។ នេះគឺជាកម្រងរូបភាព Pre-Wedding ខ្លះៗ របស់យើងខ្ញុំទាំងពីរនាក់»

តាមរយៈការបង្ហោះរូប Pre-Wedding ជាច្រើនសន្លឹក រួមជាមួយការជ្រើសរើសម៉ូដសំលៀកបំពាក់បុរាណខ្មែរយ៉ាងស្រស់ស្អាត និងការជ្រើសរើសទីតាំងថតនៅទីក្រុងបាងកក ប្រទេសថៃ ផងនោះ កាន់តែធ្វើឲ្យគូស្នេហ៍មួយគូនេះ ស្រស់សង្ហា ក្នុងនោះ អ្នកទាំងពីរក៏មិនភ្លេចទៅផ្ដិតយករូបភាព Pre-Wedding នៅលើទឹកដីអង្គរ នៃខេត្តសៀមរាប ដែលមានទេសភាពស្រស់ត្រកាល សាកសម សម្រាប់គូស្នេហ៍ ផ្ដិតយករូបភាព ត្រៀមនាថ្ងៃសិរីមង្គលរបស់ខ្លួន។

យ៉ាងណាមិញ លោក​ នី រតនា ក៏មិនទាន់បានបញ្ជាក់ថា ថ្ងៃមង្គលការរបស់លោកនឹងរៀបចំនៅថ្ងៃណាឲ្យប្រាកដនៅឡើយទេ តែលោកនឹងដឹកដៃគូស្នេហ៍ចូលរោងការនាដើមឆ្នាំ២០១៩ ខាងមុខនេះ៕