(ភ្នំពេញ)៖ បន្ទាប់ពីមានការគាំទ្រ ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅកូរ៉េខាងត្បូង ជាមួយនឹងវត្តមានរបស់តារាចម្រៀងលោក ខេម និងសិល្បករទទៃទៀតមក គឺបានធ្វើឱ្យប្រជាប្រិយភាព តារាប្រុស ខេម ហាក់មានសន្ទុះខ្លាំង។ ជាពិសេសនោះ គឺត្រូវបានមហាជន សម្គាល់ឃើញថា លោកនិងដៃគូ គឺមាស សុខសោភា ចេញទៅសម្តែងនៅបរទេសជាញឹកញាប់តែម្តង។ យ៉ាងណាមិញ ថ្មីៗនេះតារាប្រចាំផលិតកម្មថោន លោក ខេម បានបង្ហាញពីគម្រោងពិសេសមួយ ដោយត្រៀមទៅសម្តែងនៅ កូរ៉េខាងត្បូង បន្តទៀត បន្ទាប់ពីមានការគាំទ្រច្រើនពីបងប្អូននៅទីនោះ។
ការលើកឡើងបែបនេះ បន្ទាប់ពីទស្សនិកជនឃើញថា ក្នុងបណ្តាញសង្គមផ្លូវការរបស់លោក ខេម បានបង្ហោះសារយ៉ាងដូច្នេះថា «ជិតបានជួបគ្នាទៀតហើយបងប្អូននៅកូរ៉េ ចង់ឃើញស្នូរសង្ឃឹមថានឹងបានជួបគ្នា ហើយបានសប្បាយជាមួយគ្នា»។ យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយនោះទេ ដែលតារាប្រុសលោក ខេម បានចេញទៅបង្ហើរសំនៀងនៅប្រទេសកូរ៉េនោះ ខណៈលើកមុន លោកបានចេញទៅនៅដើមឆ្នាំ ២០១៨ តាមរយៈសមាគមសិល្បៈករខ្មែរ និងក្រុមហ៊ុនបូរី ឡេង ណាវ៉ាត្រា ដោយរួមដំណើរជាមួយតារាស្រី មាស សុខសោភា និង កញ្ញា យូរី។ ដោយការចេញទៅលើកនោះ គឺត្រូវបានគេដឹងថា ទទួលបានជោគជ័យយ៉ាងខ្លាំង ព្រោះមានបងប្អូនពលករនៅកូរ៉េគាំទ្រយ៉ាងច្រើន។
ដោយឡែក ទោះមានការបង្ហើប ដូចខាងលើពីសំណាក់លោក ខេម ក្តី តែសម្រាប់ពេលវេលាជាក់លាក់ក្នុងការចេញទៅសម្តែង ទឹកដីកូរ៉េខាងត្បូងនោះ គឺមិនទាន់ទទួលបានចម្លើយថា ថ្ងៃណាឲ្យពិតប្រាក តែបើតាមអ្នកគាំទ្រស្និទ្ធនឹងតារារូបនេះ បានទម្លាយថា ចុងឆ្នាំ២០១៨ ទំនងជាចំថ្ងៃឆ្លងឆ្នាំលោក នឹងចេញទៅកូរ៉េ។