(ភ្នំពេញ)៖ តារាសម្តែងប្រុសមានប្រជាប្រិយភាពលោក អ៊ឹម ជីវ៉ា កាលពីរាត្រីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ បានរៀបចំពិធីជប់លៀង​អបអរខួបកំណើតរបស់ខ្លួន ដែលធ្វើឡើងនៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក។ខណៈពិធីនេះក៏មាន​វត្តមានសិល្បករ-សិល្បការិនីល្បីៗជាច្រើនចូលរួមផងដែរ។

បើតាមការបញ្ជាក់ឲ្យដឹងពីសាមីខ្លួនលោក អ៊ឹម ជីវ៉ា បាននិយាយថា ខួបកំណើតយប់មិញគឺជាការបញ្ចប់ធ្វើខួបតទៀតហើយ ចំនួនភ្ញៀវចូលរួមមាន ៣១តុ។ ខ្ញុំបាទ អ៊ឹម ជីវ៉ា ពិតជារំភើបស្បាយចិត្តរីករាយឥឧប្បមា ខ្ញុំបាទមិននឹកស្មានថា មានវត្តមានភ្ញៀវកិត្តិយសផ្តល់កិត្តិយសយ៉ាងច្រើនកុះករដូច្នោះឡើយ ខ្ញុំបាទសូមថ្លែងអំណរអគុណចំពោះវត្តមានឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោកលោកស្រី អ្នកនាងកញ្ញា សិល្បករ-សិល្បៈការនី និងបណ្តាសារព័ត៌មានទាំងអស់ ដែលបានអាណិតស្រលាញ់រាប់អានខ្ញុំ ផ្តល់វត្តមានចូលរួមក្នុងពិធីខួបកំណើតរបស់ខ្ញុំ។

លោក អ៊ឹម ជីវ៉ា បានបន្តទៀតថា ខ្ញុំបាទមិននឹកស្មានថា មានវត្តមានភ្ញៀវកិត្តិយសផ្តល់កិត្តិយសយ៉ាងច្រើនកុះករដូច្នោះឡើយ ហើយខ្ញុំក៏សូមខន្តីអភ័យទោសចំពោះការទទួលរបស់ខ្ញុំបាទ មិនបានត្រឹមត្រូវ មិនបានដិតដល់ ការយឺតយ៉ាវ ឬភាពខ្វះខាតនៅចន្លោះណាមួយក្នុងពិធី សូមភ្ញៀវកិត្តិយសមេត្តាខន្តីអភ័យទោសដល់ខ្ញុំបាទដោយក្តីយោគយល់ និងអនុគ្រោះដល់ខ្ញុំផង ហើយខ្ញុំនឹងចងចាំអនុស្សាវរីយ៍ ពេលវេលារដល់មានន័យ និងភាពកក់ក្តៅនេះអស់មួយជីវិតខ្ញុំ។

តារាសម្តែងលោក អ៊ឹម ជីវ៉ា បានបន្ថែមទៀតថា សូមគោរពជូនពរចំពោះឯកឧត្តមលោកឧកញ៉ា លោកជំទាវ លោកលោកស្រី អ្នកនាងកញ្ញា សិល្បករ-សិល្បៈការនី និងបណ្តាសារព័ត៌មានទាំងអស់ មានសុខភាពល្អ រកទទួលទានមានបាន មានសុខសុវត្តិភាពក្នុងការរស់នៅនិងធ្វើដំណើរ ជោគជ័យ សម្រចគ្រប់កិច្ចការងារទាំងអស់។

សូមបញ្ជាក់ដែរថា បើតាមការអះអាងរបស់តារាសម្តែងប្រុសលេចធ្លោលើសកម្មភាពមនុស្សធម៌ លោក អ៊ឹម ជីវ៉ា ថាឆ្នាំនេះគឺជាឆ្នាំចុងក្រោយសម្រាប់លោក ដែលបានរៀបចំពិធីជប់លៀងខួបកំណើត ខណៈឆ្នាំកន្លងមកលោកក៏បានរៀបចំពិធីនេះ ដោយអញ្ជើញភ្ញៀវចូលរួមច្រើនផងដែរ។ ដោយឡែកសម្រាប់ឆ្នាំក្រោយៗទៀតគឺពុំមានការរៀបខួបកំណើតនេះទៀតឡើយ៕