(ភ្នំពេញ)៖ ទស្សនិកជន ដែលនិយមតាមដានទស្សនារឿង «ពុទ្ធប្រវតិ្ត» ប្រាកដជាស្គាល់តួអង្គ ព្រះសិទ្ធត្ថគោតម ច្បាស់ហើយ ខណៈជាទូទៅលោកអ្នកធ្លាប់តែស្គាល់តួអង្គនេះ ក្នុងខ្សែភាពយន្ត ដោយឡែកពេលនេះ សូមលោកអ្នកមក ស្គាល់មុខមាត់ និងសម្រស់ពិតរបស់តួអង្គ ព្រះសិទ្ធត្ថ នៅក្រៅសាច់រឿងវិញម្តង ថាតើមាន លោកមានបុគ្គិលលក្ខណៈបែបណា?
ជាការពិត បើតាមប្រភពពីផេក «Buddhism for Education of Cambodia» ឬហៅកាត់ថា (BEC) បានបង្ហាញពីសកម្មភាពមួយចំនួន របស់លោក ភិក្ខុ ធម្មសេនា ហាក់ សៀងហៃ និងលោក ម៉ាលិក តួកុនឥណ្ឌា ក្នុងឱកាសចូលរួមក្នុងសន្និសីទ ព្រះពុទ្ធសាសនាអន្តរជាតិ នៅប្រទេសភូមា កាលពីពេលថ្មីៗនេះ។ ទន្ទឹមគ្នានេះ លោក ភិក្ខុ ធម្មសេនា ហាក់ សៀងហៃ បានធ្វើការសម្ភាសន៍លោក ម៉ាលិក ទាក់ទងនឹងការសម្តែងជាតួអង្គ ព្រះសិទ្ធត្ថគោតម និងចំណាប់អារម្មណ៍ខ្លះក្នុងការ ចូលរួមសន្និសិទ ខាងលើនេះ។
តាមវីដេអូ បានបង្ហាញថា លោក ម៉ាលិក បានប្តូរជំនឿសាសនា ពីសាសនាហិណ្ឌូ ទៅសាសនាព្រះពុទ្ធ។ លោកថា លោកកើតក្នុងគ្រួសារមួយ ដែលកាន់សាសនាហិណ្ឌូ ក្រោយពីលោក បានចូលរួមសម្តែងជាតួអង្គ «ព្រះសិទ្ធត្ថគោតម» ក្នុងរឿង ពុទ្ធប្រវត្តិ ក៏បានយល់ច្បាស់ពីរឿងរ៉ាវរបស់ព្រះពុទ្ធ ក៏ដូចជាគោលបំណង និងអត្ថន័យពិតប្រាកដរបស់ព្រះពុទ្ធ ទើបធ្វើឱ្យលោកមកជាពុទ្ធសាសនិកវិញ។
តារាភាពយន្តឥណ្ឌារូបនេះ បានបន្ថែមថា «ខ្សែភាពយន្ត ដែលនិយាយពីប្រវត្តិរបស់ព្រះពុទ្ធ នឹងធ្វើការចាក់បញ្ចាំងនៅប្រទេសថៃ ក្នុងឆ្នាំក្រោយ ហើយលោកមានអារម្មណ៍ថាសប្បាយរីករាយយ៉ាងខ្លាំង ពីបានចូលរួមសម្តែងក្នុងរឿងនេះ ជាពិសេសជាផ្នែកមួយជួយផ្សព្វផ្សាយព្រះពុទ្ធសាសនាផងដែរ»។
គួរជម្រាបថា ក្នុងសន្និសីទ ព្រះពុទ្ធសាសនាអន្តរជាតិ របស់សមាគមសម្ព័ន្ធ ពុទ្ធសាសនិកពិភពលោកនេះ ភិក្ខុ ធម្មសេនា ហាក់ សៀងហៃ ត្រូវបានអញ្ជើញជាវាគ្មិន ដែលប្រារព្ធនៅភូមា ដោយមាន ៣០ប្រទេស និង ៧៣ អង្គការជុំវិញពិភពលោកចូលរួម៕
លោក ហ្កាហ្កាន ម៉ាលិក (Gagan Malik)
ភិក្ខុ ធម្មសេនា ហាក់ សៀងហៃ