(ភ្នំពេញ)៖ គ្រូបង្វឹកក្រុមឈុតធំភ្នំពេញក្រោន លោក Leonardo Vitorino បាននិយាយថា ក្រុមការងាររបស់យើងនឹងធ្វើតេស្តលើកីឡាករទាំងអស់ ហើយពួកយើងធ្វើតេស្តទៅលើកជើង ជង្គង់ ត្រគាក និងចលនាលោតរត់របស់កីឡាករម្នាក់ៗ។

សម្រាប់ថ្ងៃនេះដែរក្រុមគ្រូបង្វឹកផ្នែកកាយសម្បទា និងគ្រូពេទ្យខាងផ្នែកចលនាដែលទើបតែចូលរួមជាមួយក្លឹបកាលពីសប្តាហ៍មុននោះ នឹងធ្វើតេស្តលើកីឡាករទាំងអស់នៃក្រុមឈុតធំ ដើម្បីធានាថា ពួកគេមានកម្លាំងគ្រប់គ្រាន់ក៏ដូចជាឲ្យប្រាកដថា ពួកគេមិនមានបញ្ហាអ្វីទាក់ទងទៅនឹងកាយសម្បទា និងបញ្ហារបួសអ្វីនោះឡើយ។

លោក Leonardo Vitorino បានបន្ថែមទៀតថា យើងធ្វើដូច្នេះ គឺដើម្បីឲ្យប្រាកដថា កីឡាកររបស់យើងទាំងអស់មានកាយសម្បទាមាំមួន កែប្រែទម្លាប់មិនល្អមួយចំនួននៅពេលដែលពួកគេមានបញ្ហា ដើម្បីឲ្យពួកគេមិនមានបញ្ហាទាំងនៅពេលហ្វឹកហាត់ និងនៅពេលប្រកួត។ មួយវិញទៀត នៅថ្ងៃដដែលនេះគ្រូកាយសម្បទារបស់យើង នឹងពិនិត្យមើលលើភាពធាត់របស់កីឡាករម្នាក់ៗ ដើម្បីឲ្យពួកគេទទួលបានការហ្វឹកហាត់មួយ ដែលសមស្របទៅតាមកម្រិតនៃខ្លួនប្រាណរបស់ពួកគេផងដែរ។

គួរបញ្ជាក់ផងដែរថា ជាលើកទីមួយហើយដែលកីឡាករទាំងអស់របស់ក្រុមឈុតធំ នឹងត្រូវធ្វើតេស្តវាស់មើលកម្រិតនៃកាយសម្បទា និងទទួលយកអ្វីដែលពួកគេត្រូវធ្វើការកែប្រែ ដើម្បីឲ្យពួកគេមិនងាយនឹងមានបញ្ហារបួសក្នុងការហ្វឹកហាត់ និងពេលប្រកួតដែលនឹងត្រូវមានការប្រកួតប្រជែងខ្ពស់នាពេលខាងមុខ៕