(ភ្នំពេញ)៖ សល់រយៈពេល ៤ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យសមុទ្រ លើកទី៧ ជុំទី២ ដែលត្រូវរៀបចំនាតំបន់ឆ្នេរខេត្តកោះកុងនឹងចូលមកដល់ហើយ ពោលគឺចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ចុងសប្ដាហ៍នេះ។ ទន្ទឹមជាមួយគ្នានេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍ ក្នុងការរៀបចំសកម្មភាពកីឡាបានត្រៀមកីឡាចំនួន ១១ប្រភេទ ដើម្បីប្រកួត និងសម្ដែងអបអរព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា ពិធីបុណ្យសមុទ្រឆ្នាំនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានត្រៀមប្រភេទកីឡាជាច្រើន ដើម្បីប្រកួត និងសម្ដែងជូនភ្ញៀវជាតិ និងអន្ដរជាតិ ទស្សនាកម្សាន្ដ រួមមានកីឡារត់កម្សាន្ដ, ជិះកង់កម្សាន្ដ, ទ្រីយ៉ាត្លុង, អុកចត្រង្គ, ប្រដាល់គុនខ្មែរ, ទូកក្ដោង, ថាសហោះ, កីឡាម៉ូតូធំ មានការចូលរួមពីមហាជនថៃ, កីឡាសីស្លាប, រាំអន្ដរជាតិ និងកីឡាម៉ូតូទឹក ឬ Jet Ski ជាដើម។

តែអ្វីដែលពិសេសជាងគេ គឺកីឡាម៉ូតូទឹក ដែលនឹងត្រូវរៀបចំការប្រកួតមិត្តភាពលក្ខណៈអន្ដរជាតិ ដោយមានចូលរួមពីកីឡាករជើងខ្លាំងៗមកពី ៤ប្រទេស ពិសេសកីឡាករ ទើបដណ្ដើមបានមេដាយក្នុងការប្រកួតកីឡាអាស៊ី Asian Games 2018 ដូចជាកីឡាករ សាលី អ៊ូមើត របស់កម្ពុជា ក៏ដូចជាកីឡាករថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីជាដើម ដែលនឹងបង្កភាពសប្បាយរីករាយ និងកាន់តែអស្ចារ្យបន្ថែមទៀត។ ចំពោះកីឡាផ្សេងៗ ក៏នឹងរៀបចំការប្រកួត និងសម្ដែងពិសេសៗពេលរយៈពេល ៣ថ្ងៃសម្រាប់ភ្ញៀវជាតិ-អន្ដរជាតិរាប់ម៉ឺននាក់ទស្សនាកម្សាន្ដផងដែរ។

សូមបញ្ជាក់ថា រយៈពេល ៦ឆ្នាំមកហើយ រាល់ពេលបុណ្យសមុទ្រម្ដងៗ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តែងទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំសកម្មភាពកីឡា។ អ្វីដែលពិសេសពិធីបើកពិធីបុណ្យសមុទ្រ លើកទី៧ នៅខេត្តកោះកុង នឹងប្រារព្ធធ្វើក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៀតផង។

បន្ថែមលើនេះ ក្រសួងទេសចរណ៍ និងអាជ្ញាធរពាក់ព័ន្ធ ដែលបន្ទុករៀបចំពិធីបុណ្យសមុទ្រ ដើម្បីអបអរសាទរឆ្នេរស្អាតនៅកម្ពុជា ក៏នឹងមានរៀបចំការសម្ដែងទស្សនីយភាពសិល្បៈខ្មែរ និងអន្តរជាតិ ការប្រគំតន្ត្រី និងការបាញ់កាំជ្រួច អបអរសាទរពិធីបុណ្យសមុទ្រលើកទី៧ មហោស្រពអន្តរជាតិម្ហូបអាហារ តាំងពិព័រណ៍ផលិតផល-ទេសចរណ៍ និងផលិតផលក្នុងស្រុក និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរសមុទ្រ ព្រមទាំងក្បួនព្យុហយាត្រា និងកម្មវិធីជាច្រើនផងដែរ៕